អដ្ឋកថាអាតាបីសូត្រ
ក្នុងអាតាបីសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អនាតាបី បានដល់ មិនមានព្យាយាម ឈ្មោះ អាតាប ព្រោះអត្ថថា ដុតនូវ កិលេសទាំងឡាយ ។ ឈ្មោះថា អាតាបី ព្រោះមានសេចក្តីព្យាយាម ។ ឈ្មោះថា អនាតាបី ព្រោះមិនមានសេចក្តីព្យាយាម លោកអធិប្បាយថា ជាអ្នកខ្ជិលច្រអូស វៀរចាកសម្មប្បធាន ។ ការតក់ស្លុតចំពោះបាប លោក ហៅថា ឱត្តប្បៈ ឈ្មោះថា ឱត្តប្បី ព្រោះមានការតក់ស្លុត ។ ឈ្មោះថា អនោត្តប្បី ព្រោះមិនមានការតក់ស្លុត បានដល់ វៀរចាកការតក់ស្លុត ។ ម្យ៉ាងទៀត ការមិនមានសេចក្តីព្យាយាម ជាបដិបក្ខចំពោះសេចក្តីព្យាយាម បានដល់ ការខ្ជិលច្រអូស ។ ឈ្មោះថា អនាតាបី ព្រោះមិនមានសេចក្តី ព្យាយាម ។ ការមិនតក់ស្លុតណា ដែលលោកពោលយ៉ាងនេះថា បុគ្គលមិន តក់ស្លុតចំពោះវត្ថុដែលគួរតក់ស្លុត ឬមិនតក់ស្លុត ព្រោះចូលដល់អកុសលធម៌ដ៏លាមក ការមិនតក់ស្លុតនោះ ឈ្មោះថា អនោត្តាប ។ ឈ្មោះថា អនោត្តាបី ព្រោះមិនមានការតក់ស្លុត គប្បីជ្រាបសេចក្តីក្នុងសូត្រនេះ ដោយ ប្រការដូច្នេះ ។ បទថា អភព្វោ ប្រែថា មិនគួរ ។ បទថា សម្ពោធាយ គឺដើម្បីអរិយមគ្គ ។ បទថា និព្វានាយ បានដល់ ដើម្បីអមតមហានិព្វាន ដែលស្ងប់ កិលេសបានដោយឥតសេសសល់ ។ បទថា អនុត្តរស្ស យោគក្ខេមស្សប ានដល់ អរហត្តផល ។ ពិតហើយ អរហត្តផលនោះ ឈ្មោះថា ជាអនុត្តរៈ ព្រោះមិនមានវត្ថុដែលក្រៃលែងជាង ឈ្មោះថា ខេម ព្រោះមិនត្រូវយោគៈ ៤ បៀតបៀន ទើបលោកពោលថា និព្វាន នឹងពោលថាជាដែនក្សេមចាកនូវ យោគៈ ។