ទុតិយនកុហនាសូត្រ
ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈ នេះ មិនមែនដើម្បីកុហកនូវជន មិនមែនដើម្បីរួសរាយចំពោះជន មិនមែន ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរទេ មិនប្រព្រឹត្តព្រហ្មចរិយៈ ដោយគិតថា មហាជន ចូរស្គាល់នូវអាត្មាអញ ដូច្នេះឡើយ ។ ម្នាល ភិក្ខុទាំងឡាយ តាមពិតនោះ បុគ្គលប្រព្រឹត្តព្រហ្មចរិយៈនេះ ដើម្បីដឹងផង ដើម្បីកំណត់ដឹងផង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះមានព្រះភាគ ព្រះអង្គនោះ ទ្រង់បានសម្តែងព្រហ្មចរិយៈ ដែលមិនអាងតាមពាក្យគេថា ទីប្រព្រឹត្តទៅ ដើម្បីចុះស៊ប់កាន់ព្រះនិព្វាន ដើម្បីដឹង ដើម្បីកំណត់ដឹង នេះជាផ្លូវ ដែលព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់មាន ព្រះអធ្យាស្រ័យធំ ស្វែងរកនូវគុណដ៏ធំទ្រង់ប្រតិបត្តិមកហើយ ជនទាំងឡាយណា ដើរតាមផ្លូវដែលព្រះពុទ្ធ ទ្រង់សម្តែងហើយនោះ ឈ្មោះថា ធ្វើតាមពាក្យប្រដៅ នៃព្រះសាស្តា នឹងធ្វើនូវទីបំផុតនៃទុក្ខបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៩ ។ ៥