អដ្ឋកថាទុតិយនកុហនាសូត្រ
ក្បាលទី 36 · ទំព័រ 280
ក្នុងទុតិយនកុហនាសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អភិញ្ញត្ថំ បានដល់ ដើម្បីការដឹងនូវធម៌ទាំងពួង ដោយចំណែក មាន កុសលជាដើម និងដោយចំណែក មានខន្ធជាដើម ដោយមិនវិបរិត ដោយ ការដឹងវិសេសក្រៃលែង ។ បទថា បរិញ្ញត្ថំ បានដល់ ដើម្បី កំណត់ដឹង ដើម្បីឈានកន្លងនូវធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដោយន័យជាដើមថា ឥទំ ទុក្ខំ ប្រែថា នេះជាទុក្ខដូច្នេះ ។ ក្នុងបទនោះ ការដឹងក្រៃលែងក្នុងវត្ថុដែលគួរដឹងក្រៃលែង ជាវិស័យនៃ អរិយសច្ច ៤ ការដឹងប្រពៃ គឺការកំណត់ដឹង ។ បើការកំណត់ជាវិស័យនៃ ទុក្ខសច្ចសោត ព្រហ្មចរិយៈ វៀរចាកការត្រាស់ដឹងដោយបហាន សច្ឆិកិរិយានិ ងភាវនា រមែងប្រព្រឹត្តទៅមិនបាន ។ គប្បីជ្រាបថា ក្នុងទីនេះ លោកបំណង យកបហានជាដើម ។ បទដ៏សេស មានអត្ថតាមដែលបានពោលហើយ ក្នុង សូត្រតាមលំដាប់ ។