អត្ថរបស់បរិយាយសព្ទ

ក្បាលទី 36 · ទំព័រ 367

ក្នុងទេសនាសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បរិយាយ សព្ទ ក្នុងបទថា បរិយាយេន នេះ មកក្នុងសេចក្តីថា ទេសនា ដូចក្នុង ប្រយោគជាដើមថា មធុបិណ្ឌិកបរិយាយោ ត្វេវ នំ ធារេហិ ចូរអ្នកចាំ នូវសេចក្តីនោះថា ធម្មបរិយាយនេះ ឈ្មោះមធុបិណ្ឌិកទេសនា ដូច្នេះចុះ ដូច្នេះ ។ មកក្នុងសេចក្តីថា ហេតុ ដូចក្នុងប្រយោគមានជាដើមថា អត្ថិ ខ្វេស ព្រាហ្មណ បរិយាយោ យេន មំ បរិយាយេន សម្មា វទមានោ វទេយ្យ អកិរិយវាទោ សមណោ គោតមោ ម្នាលព្រាហ្មណ៍ ពិតហើយ មានហេតុ ជាទំនងគួរឲ្យអ្នកផងគេថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់ កិច្ចការថា មិនត្រូវធ្វើ ដែលគេថានោះត្រូវហើយ ដូច្នេះ ។ មកក្នុងសេចក្តីថា វារៈ ដូចក្នុងប្រយោគជាដើមថា កស្ស នុ ខោ អានន្ទ អជ្ជ បរិយាយោ ភិក្ខុនិយោ ឱវទិតុំ ម្នាលអានន្ទ ថ្ងៃនេះ ជាវេន ( វារៈ ) ភិក្ខុណាហ្ន៎ ដែលត្រូវឲ្យឱវាទពួកភិក្ខុនី ដូច្នេះ ។ ក្នុងទីនេះ សមគួរទាំងវារៈ ទាំងក្នុងហេតុ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ ហេតុនោះ ធម្មទេសនា ២ យ៉ាង របស់តថាគត រមែងមានដោយហេតុ និង ដោយវារៈតាមសមគួរ ដូច្នេះ នេះជាអធិប្បាយក្នុងបទនេះ ។ ពិតហើយ ព្រះមានព្រះភាគ ក្នុងកាលខ្លះ ទ្រង់ចែកកុសលធម៌ និង អកុសលធម៌តាមសមគួរដល់អធ្យាស្រ័យរបស់វេនេយ្យសត្វ ដោយន័យជាដើម ថា ធម៌ទាំងនេះជាកុសល ធម៌ទាំងនេះជាអកុសល ធម៌ទាំងនេះមានទោស ធម៌ទាំងនេះមិនមានទោស ធម៌ទាំងនេះគួរសេព ធម៌ទាំងនេះមិនគួរសេព ដូច្នេះ ទ្រង់សម្តែងឲ្យដឹងដោយមិនលាយឡំក្នុងអកុសលធម៌ ចូលជាមួយកុសលធម៌ ទ្រង់សម្តែងធម៌ថា ចូរពួកអ្នកឃើញនូវបាបថាជាបាប ។