វិជ្ជាសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធានដើម្បីចួបប្រទះ នូវអកុសលធម៌ទាំងឡាយ អហិរិកៈ និងអនោត្តប្បៈ កើតតាមក្រោយ ។ ម្នាល ភិក្ខុទាំងឡាយ ចំណែកឯវិជ្ជា ជាប្រធាន ដើម្បីចួបប្រទះនូវកុសលធម៌ទាំងឡាយ ហិរិ និងឱត្តប្បៈ កើតតាមក្រោយ ។ លុះព្រះមានព្រះភាគទ្រង់សម្តែង សេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ទុគ្គតិទាំងឡាយណានីមួយ ទាំងក្នុងលោកនេះ ទាំងក្នុង បរលោក ទុគ្គតិទាំងអស់នោះ មានអវិជ្ជា ជាបឫស មាន សេចក្តីប្រាថ្នា និងសេចក្តីលោភ ជាគ្រឿងដុះដាលឡើង បុគ្គលមានសេចក្តីប្រាថ្នាលាមក មានសេចក្តីមិនខ្មាស បាប ទាំងមានសេចក្តីមិនអើពើ ក្នុងកាលណាហើយ តែងទទួលនូវផលបាប ទៅកាន់អបាយ ព្រោះបាបនោះ ក្នុងកាលនោះ ។ ព្រោះហេតុនោះ ភិក្ខុគប្បីញ៉ាំងឆន្ទៈ លោភៈ និងអវិជ្ជា ឲ្យវិនាសទៅផង ញ៉ាំងវិជ្ជាឲ្យកើតឡើង ផង ទើបលះបង់នូវទុគ្គតិទាំងពួងបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។