បញ្ញាសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយណា សាបសូន្យ ចាកបញ្ញាដ៏ប្រសើរហើយ សត្វទាំងឡាយនោះ ឈ្មោះថា សាបសូន្យ អស់ រលីង សត្វទាំងឡាយនោះ រមែងនៅជាទុក្ខ ប្រកបដោយសេចក្តីថ្នាំងថ្នាក់ ប្រកបដោយសេចក្តីចង្ហៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុង បច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ប្រាកដជាទៅកាន់ទុគ្គតិ ។ ម្នាលភិក្ខុ ទាំងឡាយ សត្វទាំងឡាយណា មិនសាបសូន្យចាកបញ្ញាដ៏ប្រសើរហើយ សត្វទាំងឡាយនោះ ឈ្មោះថា មិនសាបសូន្យ សត្វទាំងឡាយនោះ តែងនៅជា សុខ មិនប្រកបដោយសេចក្តីថ្នាំងថ្នាក់ មិនប្រកបដោយសេចក្តីចង្ហៀត ចង្អល់ មិនប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាង កាយស្លាប់ទៅ ប្រាកដជាទៅកាន់សុគតិ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែង សេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា អ្នកចូរមើលនូវសត្វលោក ព្រមទាំងទេវលោក ដែល ជាប់នៅក្នុងនាម និងរូប រមែងសម្គាល់ថា នេះជារបស់ ពិត ព្រោះសាបសូន្យចាកបញ្ញាដ៏ប្រសើរ ។ បញ្ញាជា គ្រឿងប្រព្រឹត្តទៅ ដើម្បីចាក់ធ្លុះនេះឯង ប្រសើរបំផុត ក្នុងលោក ព្រោះបញ្ញានោះដឹងច្បាស់នូវកិរិយាអស់ជាតិ និងភព ដោយប្រពៃ ទេវតា និងមនុស្សទាំងឡាយ តែងស្រឡាញ់នូវព្រះសម្ពុទ្ធទាំងឡាយនោះ ដែលមាន ស្មារតី មានបញ្ញា ជាគ្រឿងរីករាយ ទ្រទ្រង់នូវរាងកាយ ជាទីបំផុត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។