អដ្ឋកថាសុក្កធម្មសូត្រ
ក្នុងសុក្កធម្មសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សុក្កា ឈ្មោះថា សុក្កធម៌ ព្រោះជាធម៌ស ឯសុក្កធម៌ រមែងប្រព្រឹត្តទៅ ដើម្បីការផូរផង់ក្រៃលែង ដោយភាពជាធម៌ស ព្រោះហេតុនោះ ធម៌ទាំងឡាយ ឈ្មោះថា ស ព្រោះជាធម៌សបរិសុទ្ធ ធម៌ទាំងឡាយដែលជាកុសល ទាំងពួង សូម្បីព្រមដោយរស ឈ្មោះថា ធម៌ស ព្រោះផ្ទុយគ្នានឹងភាពដែល ជាធម៌ខ្មៅ ។ ដ្បិតថា ធម៌សកើតឡើង ទើបចិត្តភ្លឺបរិសុទ្ធ ។ បទថា ធម្មា បានដល់ ធម៌ជាកុសល ។ បទថា លោកំ បានដល់ សត្វលោក ។ បទថា បលេន្តិ បានដល់ ដាក់នូវព្រំដែនរក្សា ដោយការទទួល ការទ្រទ្រង់ ។ ក្នុងបទថា ហិរិ ច ឱត្តប្បញ្ច នេះ គប្បីជ្រាបអធិប្បាយដូចតទៅនេះ ឈ្មោះថា ហិរិ ព្រោះដែលគេខ្មាស ឬឈ្មោះថា ហិរិ ព្រោះជាហេតុខ្មាស ។ សូម្បីសេចក្តីនេះ លោកក៏ពោលនៅក្នុងធម្មសង្គណិថា ត្រង់ដែលបុគ្គលខ្មាស ដោយអំពើដែលគួរខ្មាស ខ្មាសដោយការជួបប្រទះនូវធម៌ជាអកុសលដ៏លាមក នេះហៅថា ហិរិ ។ ឈ្មោះថា ឱត្តប្ប ព្រោះខ្លាច ឈ្មោះថា ឱត្តប្បៈ ព្រោះ ជាហេតុខ្លាច ។ សូម្បីសេចក្តីនេះ លោកក៏ពោលថា ត្រង់ដែលបុគ្គលក្តៅក្រហាយ ដោយអំពើដែលគួរក្តៅក្រហាយ ក្តៅក្រហាយដោយការជួបប្រទះ នូវធម៌ជាអកុសលដ៏លាមក នេះហៅថា ឱត្តប្ប ។ ក្នុងហិរិ និងឱត្តប្បៈនោះ ហិរិកើតឡើងខាងក្នុង ឱត្តប្បៈកើតខាងក្រៅ ហិរិកាន់យកខ្លួនជាធំ ឱត្តប្បៈកាន់លោកជាធំ ។ ហិរិតាំងនៅក្នុងការខ្មាសជា សភាវៈ ឱត្តប្បៈតាំងនៅក្នុងការខ្លាចជាសភាវៈ ហិរិមានលក្ខណៈកោតក្រែង ឱត្តប្បៈមានលក្ខណៈឃើញភ័យ ដែលជាទោសគួរខ្លាច ។ ក្នុងហិរិ និងឱត្តប្បៈ នោះ ហិរិកើតឡើងខាងក្នុង រមែងកើតដោយហេតុ ៤ យ៉ាង គឺពិចារណា ដល់ជាតិ ១ ពិចារណាដល់វ័យ ១ ពិចារណាដល់ភាពជាអ្នកក្លៀវក្លា