ធាតុសូត្រ

ក្បាលទី 36 · ទំព័រ 396

ថា និរោធោ ទុក្ខធម្មានំ ព្រោះជាហេតុរលត់នៃទុក្ខធម៌ មានជាតិជាដើម ឈ្មោះថា សង្ខារូបសមោ ព្រោះជាហេតុស្ងប់នៃសង្ខារទាំងពួង ដែលជាទុក្ខធម៌ បន្ទាប់អំពីនោះ ក៏ឈ្មោះថា សុខោ ព្រោះជាសុខដោយចំណែកមួយ ។ ព្រះមានព្រះភាគ ទ្រង់លើកតម្កើងអមតមហានិព្វានបុណ្ណោះ ដោយបទទាំងអស់ ។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងនិព្វានឲ្យជាក់ច្បាស់ដោយជំទាស់គ្នា ក្នុង គាថាទី ១ ដោយការអនុលោមតាម ដោយគាថាទី ២ ដោយប្រការដូច្នេះ ។ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ និព្វានធាតុនេះ មាន ២ ។ និព្វានធាតុ ២ តើដូចម្តេច ។ គឺសឧបាទិសេសនិព្វានធាតុ ១ អនុបាទិសេសនិព្វានធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសឧបាទិសេសនិព្វានធាតុ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអរហន្តខីណាស្រព មាន ព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មាន ភារៈដាក់ចុះហើយ មានប្រយោជន៍ របស់ខ្លួនសម្រេចហើយ ដោយលំដាប់ មានសំយោជនៈ ក្នុងភពអស់ហើយ ផុតស្រឡះហើយ ព្រោះដឹងច្បាស់ដោយ ប្រពៃ បុន្តែឥន្ទ្រិយទាំង ៥ របស់អរហន្តខីណាស្រពនោះ តាំងនៅដដែល អរហន្តខីណាស្រពនោះ នៅសោយអារម្មណ៍ ដែលពេញចិត្ត និងមិនពេញចិត្ត សោយសុខ និងទុក្ខ ព្រោះឥន្ទ្រិយទាំង ៥ នោះ មិនមានសេចក្តីថ្នាំងថ្នាក់ ទេ ។ ការអស់រាគៈ អស់ទោសៈ អស់មោហៈណា របស់ព្រះអរហន្តនោះ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សឧបាទិសេសនិព្វានធាតុ ។