អដ្ឋកថាធាតុសូត្រ
ក្នុងធាតុសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទ្វេមា កាត់បទជា ទ្វេ ឥមា ។ តណ្ហា លោកហៅថា វាន ។ ឈ្មោះថា និព្វាន ព្រោះចេញចាកតណ្ហា ឬជាទីមិនមានតណ្ហា ឬកាលសម្រេចនិព្វាន ហើយ តណ្ហាមិនមាន ។ ឈ្មោះថា និព្វានធាតុ ព្រោះនិព្វាននោះឈ្មោះថា ធាតុ ព្រោះអត្ថថា មិនមែនសត្វ មិនមែនជីវៈ ព្រោះអត្ថថា ទ្រទ្រង់នូវ សភាវៈ ។ បានឮថា និព្វានធាតុនោះ មិនផ្សេងគ្នាដោយបរមត្ថ តែប្រាកដដោយ បរិយាយ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ទ្វេមា ភិក្ខវេ និព្វានធាតុយោ ដូច្នេះ ទ្រង់សំដៅដល់ការផ្សេងគ្នាដោយបរិយាយនោះដើម្បី ទ្រង់សម្តែងដល់ប្រភេទតាមព្រះបំណង ទើបត្រាស់ពាក្យជាដើមថា សឧបទិសេសា ដូច្នេះ ។ ក្នុងបទទាំងនោះ ខន្ធបញ្ចកៈ ឈ្មោះថា ឧបទិ ព្រោះឲ្យកើតដោយភាពជា ផល កើតអំពីកិលេសទាំងឡាយ មានតណ្ហាជាដើម ។ ឧបាទិដ៏សេស ឈ្មោះថា ឧបទិសេស ។ ឈ្មោះថា ឧបទិសេសា ព្រោះព្រមដោយឧបាទិសេស ព្រោះការមិនមានសឧបាទិសេសនោះ ទើបឈ្មោះថា អនុបទិសេសា ។ បទថា អរហំ បានដល់ ឆ្ងាយចាកកិលេស អធិប្បាយថា មានកិលេស នៅឆ្ងាយ ។ សមដូចព្រះមានព្រះភាគត្រាស់ក្នុងមជ្ឈិមនិកាយ មូលបណ្ណាសក មហាអស្សបុរសូត្រថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត តើ ដោយប្រការដូចម្តេច ។ អកុសលធម៌ទាំងឡាយ ដ៏ លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើត ក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹតទៅ មួយអន្លើដោយ សេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយ ជាតិ ជរា មរណៈ ប្រព្រឹត្តទៅក្នុងខាងមុខ ជាកិលេស