បដិសល្លានសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូររីករាយក្នុង ទីស្ងាត់ ត្រេកអរក្នុងទីស្ងាត់ ប្រកបរឿយៗ នូវចេតោសមថៈ ក្នុងខាងក្នុង កុំសាបសូន្យចាកឈាន ប្រកបព្រមដោយវិបស្សនា ចម្រើនសុញ្ញាគារស្ថាន ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ រីករាយក្នុងទីស្ងាត់ ត្រេកអរក្នុង ទីស្ងាត់ ប្រកបរឿយៗ នូវចេតោសមថៈក្នុងខាងក្នុង មិនសាបសូន្យចាកឈាន ប្រកបដោយវិបស្សនា ចម្រើនសុញ្ញាគារស្ថានហើយ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានប្រាកដ គឺបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្ន ពុំនោះ សោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់បានសម្រេចភាពជាអនាគាមី ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុង សូត្រនោះថា ជនទាំងឡាយណា ជាអ្នកមានចិត្តស្ងប់ មានបញ្ញា មាន ស្មារតី មានឈាន ពិចារណាឃើញធម៌ដោយប្រពៃ មិនមានសេចក្តីអាល័យ ក្នុងកាមទាំងឡាយ ត្រេកអរ ក្នុងសេចក្តីមិនប្រមាទ ជាអ្នកស្ងប់រម្ងាប់ ឃើញភ័យ ក្នុងសេចក្តីប្រមាទ ជនទាំងឡាយនោះ មិនគួរដើម្បីនឹង សាបសូន្យ ( ស្ថិតនៅ ) ក្នុងទីជិតនៃព្រះនិព្វាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ ទុកហើយ ។ សូត្រទី ៨ ។ ៥