ជាគរិយសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីជាអ្នកភ្ញាក់រពឫក មាន សតិ មានសម្បជញ្ញៈ មានចិត្តតម្កល់មាំ មានចិត្តទន់ មានសេចក្តីជ្រះថ្លា មាន ការឃើញ ក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ភិក្ខុ ជាអ្នកភ្ញាក់រពឫក មានសតិ មានសម្បជញ្ញៈ មានចិត្តតម្កល់មាំ មាន ចិត្តទន់ មានសេចក្តីជ្រះថ្លា មានការឃើញ ក្នុងកាលគួរ ក្នុងកុសលធម៌ទាំងនោះ ហើយ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់បានប្រាកដ គឺបាន សម្រេចអរហត្ត ក្នុងបច្ចុប្បន្ន ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់ នៅ ក៏គង់បានសម្រេចភាពជាអនាគាមី ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែង សេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា អ្នកទាំងឡាយ ចូរភ្ញាក់រពឫកឡើង ចាំស្តាប់ពាក្យនុ៎ះ ជន ទាំងឡាយណា ជាអ្នកដេកលក់ហើយ ជនទាំងឡាយ នោះ ចូរភ្ញាក់ឡើង កិរិយាភ្ញាក់ចាកការលក់ ជាការ ប្រសើរ ព្រោះភ័យមិនមានដល់បុគ្គលអ្នកភ្ញាក់ឡើយ ។ បុគ្គលណា ជាអ្នកភ្ញាក់រពឫក មានសតិ មានសម្បជញ្ញៈ មានចិត្តតម្កល់មាំ មានចិត្តទន់ មានចិត្តជ្រះថ្លា បុគ្គល នោះ កាលពិចារណាឃើញធម៌ដ៏ប្រពៃ តាមកាលគួរ ហើយ បុគ្គលនោះ ជាបុគ្គលប្រសើរឯក កម្ចាត់បង់នូវ ងងឹត គឺអវិជ្ជាបាន ។ ព្រោះហេតុនោះ អ្នកទាំងឡាយ គួរសេពគប់នូវជាគរិយធម៌ ភិក្ខុអ្នកមានព្យាយាម ជា គ្រឿងដុតកម្តៅកិលេស មានបញ្ញា បានឈាន ផ្តាច់បង់ នូវសំយោជនៈ នៃជាតិ និងជរាហើយ រមែងបាន សម្ពោធិញ្ញាណដ៏ប្រសើរ ក្នុងលោកនេះឯង ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។