ធាតុសូត្រ

ក្បាលទី 36 · ទំព័រ 444

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធាតុនេះ មាន ៣ ។ ធាតុ ៣ តើដូចម្តេច ។ គឺរូបធាតុ ១ អរូបធាតុ ១ និរោធធាតុ ១ ។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ជនទាំងឡាយណា កំណត់ដឹងក្នុងរូបធាតុ មិនតាំងនៅក្នុង អរូបធាតុ ចុះចិត្តស៊ប់ក្នុងនិរោធ ជនទាំងនោះ ឈ្មោះ ថា ញ៉ាំងមច្ចុឲ្យសាបសូន្យ ។ ព្រះសម្មាសម្ពុទ្ធដែល មិនមានអាសវៈ បានពាល់ត្រូវនូវអមតធាតុ ដែលមិន មានឧបធិ ដោយនាមកាយ ធ្វើឲ្យជាក់ច្បាស់ នូវព្រះ និព្វាន ដែលជាទីលះបង់ឧបធិ ទ្រង់សម្តែងព្រះនិព្វាន ដែលមិនមានសោក មិនមានតម្រេក ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ២ ។