អដ្ឋកថាធាតុសូត្រ

ក្បាលទី 36 · ទំព័រ 445

ក្នុងធាតុសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ធាតុយោ សេចក្តីថា ឈ្មោះថា ធាតុ ព្រោះអត្ថថា ទ្រទ្រង់នូវផល និង សភាវៈរបស់ខ្លួន ព្រោះថា បណ្តាផល និងសភាវៈទាំង ២ យ៉ាងនេះ វត្ថុ ដែលឲ្យកើតឲ្យផល ឈ្មោះថា ធាតុ ព្រោះអត្ថថា ទ្រទ្រង់នូវផលរបស់ខ្លួន និងសភាវៈរបស់ខ្លួន ក្រៅអំពីនេះ ឈ្មោះថា ធាតុ ព្រោះអត្ថថា ទ្រទ្រង់ ចំពោះសភាវៈតែម្យ៉ាង ។ រូបភព ឈ្មោះថា រូបធាតុ ។ ទីមករបស់ធាតុ គប្បីកំណត់ដោយភព ទីមករបស់ភព គប្បីកំណត់ដោយធាតុ ដូច្នោះ ទើប ក្នុងទីនេះ ព្រះមានព្រះភាគត្រាស់ការកំណត់ដោយភព ព្រោះដូច្នោះ រូបធាតុ គឺរូបាវចរធម៌ដែលព្រះមានព្រះភាគត្រាស់ក្នុងធម្មសង្គណិយ៉ាងនេះថា ពួកធម៌ជារូបាវចរ តើដូចម្តេច ។ ខាងក្រោម កំណត់យកព្រហ្មលោក ជាទីបំផុត ខាងលើ កំណត់យកអកនិដ្ឋទេវលោកជាទីបំផុត ទីណាដែលមាន ក្នុងចន្លោះនេះ ធម៌ គឺចិត្ត និងចេតសិក ដែលត្រាច់ទៅក្នុងទីនុ៎ះ រាប់បញ្ចូលក្នុង ទីនុ៎ះ នៃបុគ្គលអ្នកចូល ( កាន់សមាបត្តិ ) ឬបុគ្គលដែលកើតហើយ ឬ ក៏បុគ្គលអ្នកនៅជាសុខក្នុងបច្ចុប្បន្ន នេះពួកធម៌ជារូបាវចរ ។ អរូបភព ឈ្មោះ ថា អរូបធាតុ ទោះបីក្នុងព្រះសូត្រនេះ ក៏ត្រាស់ដល់ការកំណត់ដោយភព ដូច្នោះ អរូបធាតុ គឺអរូបាវចរធម៌ ដែលព្រះមានព្រះភាគត្រាស់ក្នុងធម្មសង្គណិយ៉ាងនេះថា ពួកធម៌ជាអរូបាវចរ តើដូចម្តេច ។ ខាងក្រោម កំណត់ យកពួកទេវតាដែលកើតក្នុងអាកាសានញ្ចាយតនភពជាទីបំផុត ខាងលើ កំណត់យកទេវតាដែលកើតក្នុងនេវសញ្ញានាសញ្ញាយតនភពជាទីបំផុត ទីណា ដែលមានក្នុងចន្លោះនេះ ធម៌ គឺចិត្ត និងចេតសិក ត្រាច់ចុះក្នុងទីនុ៎ះ រាប់បញ្ចូល ក្នុងទីនុ៎ះ នៃបុគ្គលអ្នកចូល ( កាន់សមាបត្តិ ) ឬបុគ្គលដែលទៅ កើតហើយ ឬក៏បុគ្