បឋមវេទនាសូត្រ
ក្បាលទី 36 · ទំព័រ 449
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ ។ វេទនា ៣ តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែង សេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សាវ័កនៃព្រះពុទ្ធ មានចិត្តតម្កល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវវេទនាទាំងឡាយផង នូវទីកើត នៃវេទនាទាំងឡាយផង វេទនាទាំងនោះ រលត់ទៅក្នុង ទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជាដំណើរទៅកាន់ ទីអស់ទៅនៃវេទនាផង ភិក្ខុអស់តណ្ហា តែងបរិនិព្វាន ព្រោះអស់វេទនាទាំងឡាយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៣ ។