អត្ថរបស់ទុក្ខសព្ទ

ក្បាលទី 36 · ទំព័រ 450

ក្នុងបឋមវេទនាសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា វេទនា សេចក្តីថា ចេតសិកធម៌ ឈ្មោះថា វេទនា ព្រោះដឹង គឺ សោយរសនៃអារម្មណ៍ ដើម្បីសម្តែងវេទនាទាំងនោះ ដោយចែកចេញទៅ ទើបត្រាស់ពាក្យជាដើមថា សុខា វេទនា ដូច្នេះ ។ បណ្តាសត្វទាំងនោះ សុខ សព្ទ ខ្ញុំបានពោលហើយខាងដើម ដោយអំណាចនៃអត្ថុទ្ធារកណ្ឌ ។ តែ ទុក្ខ សព្ទ មកក្នុងអត្ថថា រឿងរបស់ទុក្ខ ដូចក្នុងប្រយោគជាដើម ថា ជាតិបិទុក្ខា ការកើតជាទុក្ខ ដូច្នេះ ។ មកក្នុងអត្ថថា អារម្មណ៍ដែលជាទុក្ខ ដូចក្នុងប្រយោគជាដើមថា រូបញ្ចហិ ទំ មហលិ ឯកន្តទុក្ខំ អភវិស្ស ទុក្ខានុបតិតំ ទុក្ខាវក្កន្តំ ម្នាលមហលិ រូបនេះ មានទុក្ខតែម្យ៉ាង មានទុក្ខជាប់តាម មានទុក្ខគ្របសង្កត់ ដូច្នេះ ។ មកក្នុងអត្ថថា ការសន្សំទុក្ខ ដូចក្នុងប្រយោគជាដើមថា ទុក្ខោ បបស្ស ឧច្ចយោ ការសន្សំនូវបាប រមែងនាំមកនូវសេចក្តីទុក្ខ ដូច្នេះ ។ មកក្នុងអត្ថថា ឋានៈដែលជាហេតុនៃទុក្ខ ដូចក្នុងប្រយោគជាដើមថា យាវញ្ចិទំ ភិក្ខវេ ឧបមាបិ ន សុករា យាវ ទុក្ខា និរយាតិ ម្នាលភិក្ខុ ទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមាឲ្យដល់កម្រិតនរក ដែលមាន ទុក្ខបានឡើយ ដូច្នេះ ។ មកក្នុងអត្ថថា ទុក្ខវេទនា ដូចក្នុងប្រយោគជាដើម សុខស្ស ច បហានា ទុក្ខស្ស ច បហានា កាលណាបើខ្លួននេះ បានលះបង់សុខផង លះបង់ទុក្ខ ផង … ដូច្នេះ ។ សូម្បីក្នុងព្រះសូត្រនេះ ក៏មកហើយក្នុងទុក្ខវេទនាបុណ្ណោះ តែដោយ អត្ថវចនៈ ឈ្មោះថា សុខ ព្រោះជាអ្នកសោយឲ្យសប្បាយ ឈ្មោះថា ទុក្ខ ព្រោះអ្នកសោយឲ្យលំបាក ។ វេទនា ឈ្មោះថា អទុក្ខមសុខ ព្រោះមិន ទុក្ខមិនសុខ ។