ទុតិយវេទនាសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ ។ វេទនា ៣ តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីឃើញនូវសុខវេទនា ថាជាទុក្ខ គប្បី ឃើញនូវទុក្ខវេទនា ថាជាព្រួញ គប្បីឃើញនូវអទុក្ខមសុខវេទនា ថាជារបស់ មិនទៀង ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញសុខវេទនា ថាជាទុក្ខ ឃើញទុក្ខវេទនា ថាជាព្រួញ ឃើញអទុក្ខមសុខវេទនា ថាជារបស់មិនទៀង ហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុប្រសើរ ឃើញត្រូវ ផ្តាច់បង់ តណ្ហា ដោះស្រាយសំយោជនៈ ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះយល់ច្បាស់ នូវមានះដោយប្រពៃ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុណា បានឃើញសុខវេទនាថាជាទុក្ខ បានឃើញ ទុក្ខវេទនាថាជាព្រួញ បានឃើញអទុក្ខមសុខវេទនា ជាទី ស្ងប់នោះ ថាជារបស់មិនទៀង ភិក្ខុនោះឯង ឃើញ ( វេទនាទាំង ៣ ) ដោយប្រពៃ រមែងរួចស្រឡះក្នុង វេទនា ដោយការសង្រួមកាយ វាចា ចិត្ត ភិក្ខុនោះឯង មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ ព្រោះត្រាស់ដឹង ជា អ្នកស្ងប់រម្ងាប់ ជាមុនីកន្លងផុតនូវយោគៈ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។ ៥