បឋមឯសនាសូត្រ
ក្បាលទី 36 · ទំព័រ 477
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ ។ ការស្វែងរក ៣ តើដូចម្តេច ។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរក មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថា ព័ន្ធនេះ ក្នុងសូត្រនោះថា សាវ័កនៃព្រះពុទ្ធ មានចិត្តតម្កល់មាំ មានសម្បជញ្ញៈ មានសតិ ដឹងច្បាស់នូវការស្វែងរកទាំងឡាយផង នូវ ទីកើតនៃការស្វែងរកទាំងឡាយផង ការស្វែងរកទាំងនុ៎ះ រលត់ទៅ ក្នុងទីណា ក៏ដឹងច្បាស់នូវទីនោះផង នូវមគ្គជា ដំណើរទៅកាន់ទីអស់ទៅ នៃការស្វែងរកផង ភិក្ខុ អស់ទៅនៃតណ្ហា តែងបរិនិព្វាន ព្រោះអស់ទៅនៃការ ស្វែងរកទាំងឡាយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។