ទុតិយឯសនាសូត្រ

ក្បាលទី 36 · ទំព័រ 481

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកនេះ មាន ៣ ។ ការស្វែងរក ៣ តើដូចម្តេច ។ គឺការស្វែងរកកាម ១ ការស្វែងរកភព ១ ការស្វែងរកព្រហ្មចរិយៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកមាន ៣ នេះ ឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់ គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ការស្វែងរកកាម ការស្វែងរកភព និងការស្វែងរក ព្រហ្មចរិយៈ ដែលជាទីស្ទាបអង្អែល ថាជារបស់ពិតជា ទីតាំងនៃទិដ្ឋិ ជាទីដុះដាលនៃកិលេស ការស្វែងរក របស់ភិក្ខុ អ្នកប្រាសចាកសេចក្តីត្រេកអរទាំងពួង ផុត ស្រឡះ ព្រោះអស់តណ្ហា បានលះបង់ហើយ ទាំង ហេតុជាទីតាំងនៃទិដ្ឋិ ក៏បានដកចោលហើយ ភិក្ខុមិនមាន សេចក្តីប្រាថ្នា មិនមានសេចក្តីងឿងឆ្ងល់ ព្រោះអស់ ទៅនៃការស្វែងរកទាំងឡាយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៦ ។