មារធេយ្យសូត្រ

ក្បាលទី 36 · ទំព័រ 492

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ រមែងកន្លងនូវវិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ ។ ប្រកបដោយធម៌ ៣ តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសីលក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយសមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកបដោយបញ្ញាខន្ធ ជាអសេក្ខៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ នេះឯង រមែង កន្លងនូវវិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ ។ លុះព្រះមានព្រះភាគទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សីល សមាធិ និងបញ្ញា ទាំងអម្បាលនុ៎ះ ដែលបុគ្គល ណា បានអប់រំល្អហើយ បុគ្គលនោះ រមែងកន្លងនូវ វិស័យនៃមារ រុងរឿងដូចព្រះអាទិត្យ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ ទុកហើយ ។ សូត្រទី ១០ ។ បឋមវគ្គ ចប់ ឧទ្ទាននៃបឋមវគ្គនោះ គឺ និយាយអំពីមូល ១ ធាតុ ១ វេទនាពីរលើក ការ ស្វែងរកពីរលើក អាសវៈ ពីរលើក តណ្ហា ១ វិស័យ នៃមារ ១ លោកពោលថា បឋមវគ្គ ជាវគ្គដ៏ឧត្តម ។ ៥