បុញ្ញករិយាវត្ថុសូត្រ
ក្បាលទី 36 · ទំព័រ 500
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣ ។ បុញ្ញកិរិយាវត្ថុ ៣ តើដូចម្តេច ។ គឺទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១ ។ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា កុលបុត្រអ្នកប្រាថ្នាប្រយោជន៍ គួរសិក្សានូវបុណ្យ ដែល មានផលបរិបូណ៌ មានវិបាកជាសុខ គឺគួរចម្រើនទាន ផង ការប្រព្រឹត្តស្មើ គឺសីលផង មេត្តាចិត្តផង លុះ ចម្រើនធម៌ទាំង ៣ នេះ ដែលមានអានិសង្ស ជាសុខ ហើយ រមែងចូលទៅកាន់លោក ដែលជាសុខ ឥត មានការបៀតបៀន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១ ។