ចក្ខុសូត្រ

ក្បាលទី 36 · ទំព័រ 507

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុនេះ មាន ៣ ។ ចក្ខុ ៣ តើដូចម្តេច ។ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុ ១ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុរសឧត្តម បានពោលនូវចក្ខុ ៣ នេះ គឺមំសចក្ខុ ១ ទិព្វចក្ខុ ១ បញ្ញាចក្ខុដ៏ប្រសើរបំផុត ១ ការកើតឡើង នៃមំសចក្ខុ ជាឧបាយនៃទិព្វចក្ខុ កាលដែលញាណ គឺ បញ្ញាចក្ខុដ៏ឧត្តម កើតឡើងហើយ បុគ្គលរមែងរួចស្រឡះ ចាកទុក្ខទាំងពួង ព្រោះបាននូវចក្ខុនោះ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ២ ។