អដ្ឋកថាចក្ខុសូត្រ
ក្នុងចក្ខុសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ចក្ខូនិ សេចក្តីថា ឈ្មោះថា ចក្ខុ ព្រោះរមែងឃើញ អធិប្បាយថា ចក្ខុរមែងប្រព្រឹត្តទៅ ដូចនឹងប្រាប់ផ្លូវដែលរាបស្មើ និងមិនរាបស្មើ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុ ព្រោះអត្ថថា គាប់ចិត្ត ។ សួរថា ដែល ឈ្មោះថា ប្រពៃនេះ គឺដូចម្តេច ឆ្លើយថា គាប់ចិត្ត ។ ដូចបុគ្គលទាំងឡាយ ពោលថា ឃ្មុំចូលចិត្តទឹកផ្អែម មនុស្សចូលចិត្តបាយ ។ ម្យ៉ាងទៀត អាយតនៈ ទាំងនេះ កាលសោយរសនៃអារម្មណ៍ តែងដូចជាគាប់ចិត្ត ព្រោះដូច្នោះ ទើបឈ្មោះថា ចក្ខុ ព្រោះអត្ថថា គាប់ចិត្ត តែចក្ខុទាំងនោះ ដោយសង្ខេប មាន ២ យ៉ាង គឺញាណចក្ខុ និងមំសចក្ខុ ។ បណ្តាចក្ខុទាំង ២ យ៉ាងនោះ មំសចក្ខុបានពោលខាងដើមហើយ ក្នុង ព្រះសូត្រនេះ ញាណចក្ខុត្រាស់ចែកជា ២ យ៉ាង គឺទិព្វចក្ខុ និងបញ្ញាចក្ខុ ។ បណ្តាបទទាំងនោះ បទថា ទិព្វចក្ខុ សេចក្តីថា ចក្ខុ ឈ្មោះថា ទិព្វ ព្រោះជាទិព្វ អធិប្បាយថា ចក្ខុនៃទេវតាទាំងឡាយដែលកើតអំពីសុចរិតកម្ម មិនមានទឹកប្រមាត់ ស្លេស្ម និងឈាមជាដើមបិទបាំង ជាចក្ខុដែលមានបសាទ ជាទិព្វ អាចទទួលអារម្មណ៍សូម្បីទីឆ្ងាយបាន ព្រោះផុតចាកឧបក្កិលេស ។ ញាណចក្ខុនេះ ដែលកើតដោយកម្លាំងនៃការចម្រើនវីរិយៈ ក៏ដូច្នោះដូចគ្នា ព្រោះដូច្នោះ ទើបឈ្មោះថា ជាទិព្វ ព្រោះដូចទិព្វ ។ ញាណចក្ខុ ឈ្មោះថា ជាទិព្វ ព្រោះបានមកដោយអំណាចនៃទិព្វវិហារធម៌ ព្រោះអាស្រ័យទិព្វវិហារ ធម៌របស់ខ្លួន ព្រោះរុងរឿងច្រើន ដោយការកំណត់អាលោកកសិណ ព្រោះ មានការធ្វើទៅបានទូលាយ ដោយការឃើញរូបដែលនៅខាងក្រៅកំពែងជាដើម ។ ទិព្វចក្ខុទាំងអស់នោះ គប្បីជ្រាបតាមគន្លងនៃសទ្ទស្រាស្ត ។ អាយតនៈ ឈ្មោះថា ចក្ខុ ព្រោះអត្ថថា ដូចជាចក្ខុ