អទ្ធាសូត្រ

ក្បាលទី 36 · ទំព័រ 517

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលនេះ មាន ៣ ។ កាល ៣ តើដូចម្តេច ។ គឺអតីតកាល ១ អនាគតកាល ១ បច្ចុប្បន្នកាល ១ ។ ម្នាលភិក្ខុទាំងឡាយ កាលមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ មានសេចក្តីសម្គាល់ ក្នុងកិរិយាពោល ថាសត្វ ថាបុគ្គលជាដើម តាំងនៅក្នុងកិរិយាពោល ដោយអំណាចនៃតណ្ហា និងទិដ្ឋិ លុះមិនកំណត់ដឹងនូវ កិរិយាពោល ដោយបរិញ្ញាទាំង ៣ យ៉ាង ក្នុងធម៌ ដែលប្រកបដោយភូមិ ៣ ហើយ រមែងមកកាន់ទី ប្រកបនៃមរណៈ ព្រះខីណាស្រព រមែងមិនសម្គាល់ គឺមិនជឿនូវបុគ្គលអ្នកប្រាប់ ព្រោះកំណត់ដឹងនូវពាក្យ ពោល វិមោក្ខ គឺព្រះនិព្វានជាទីរម្ងាប់ដ៏ប្រសើរ ឈ្មោះ ថា លោកបានសម្រេចហើយដោយចិត្ត ព្រះខីណាស្រព នោះឯង ដល់ព្រមដោយការពោល ជាអ្នកស្ងប់រម្ងាប់ ត្រេកអរក្នុងព្រះនិព្វាន ជាទីស្ងប់ ពិចារណាហើយទើប សេព តាំងនៅក្នុងនិព្វានធម៌ ដល់នូវវេទ រមែងមិនដល់ នូវការរាប់ថា ( ជាមនុស្ស ឬទេវតា ) ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។ ៥