ទុច្ចរិតសូត្រ

ក្បាលទី 36 · ទំព័រ 525

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ទុច្ចរិតនេះមាន ៣ ។ ទុច្ចរិត ៣ តើដូចម្តេច ។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១ ។ ម្នាល ភិក្ខុទាំងឡាយ ទុច្ចរិតមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែង សេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលធ្វើកាយទុច្ចរិតផង វចីទុច្ចរិតផង ធ្វើមនោទុច្ចរិតផង នូវអំពើណាមួយ ដែលប្រកបដោយទោសផង មិនធ្វើនូវ អំពើជាកុសល ធ្វើតែអំពើជាអកុសលដ៏ច្រើន បុគ្គលឥត ប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងនរក ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។