អដ្ឋកថាទុច្ចរិតសូត្រ
ក្នុងទុច្ចរិតសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ការប្រព្រឹត្តអាក្រក់ ឬការប្រព្រឹត្តថោកទាប ឈ្មោះថា ទុច្ចរិត ។ ការប្រព្រឹត្តអាក្រក់ដោយកាយ ឬការប្រព្រឹត្តអាក្រក់ ដែលប្រព្រឹត្ត ទៅហើយតតាមកាយ ឈ្មោះថា កាយទុច្ចរិតំ ។ ក្នុងបទទាំងឡាយដ៏សេស ក៏មានន័យនេះដូចគ្នា ។ ទុច្ចរិតទាំងនេះ គួរពោលតាមបញ្ញត្តិខ្លះ តាមកម្មបថខ្លះ បណ្តាបទទាំង ២ យ៉ាងនោះ នឹងពោលតាមបញ្ញត្តិមុន ការល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តិ តាមកាយទ្វារ ជាកាយទុច្ចរិត ការល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តិហើយតាម វចីទ្វារ ជាវចីទុច្ចរិត ។ ការប្រព្រឹត្តកន្លងសិក្ខាបទដែលទ្រង់បញ្ញត្តិទាំង ២ នោះ ជាមនោទុច្ចរិតនោះឯង គឺការពោលតាមបញ្ញត្តិ ។ ឯចេតនា ៣ មាន បាណាតិបាតជាដើម ដែលកើតឡើងទាំងកាយទ្វារ ទាំងវចីទ្វារ ឈ្មោះថា កាយទុច្ចរិត ។ ចេតនាទាំង ៤ មានមុសាវាទជាដើមក៏ដូច្នោះ ឈ្មោះថា ជា វចីទុច្ចរិត ។ ធម៌ដែលប្រកបដោយចេតនា ៣ យ៉ាង គឺអភិជ្ឈា ព្យាបាទ មិច្ឆាទិដ្ឋិ ឈ្មោះថាជា មនោទុច្ចរិត នោះឯង គឺការពោលតាមកម្មបថ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទាំងឡាយដូចតទៅ បាបធម៌ដែលដល់នូវ កម្មបថនោះឯង ព្រះមានព្រះភាគត្រាស់ដោយភាពជាកាយទុច្ចរិតជាដើម ព្រោះ ដូច្នោះ ដើម្បីទ្រង់សង្គ្រោះយកបាបធម៌ដទៃនោះចូលផង ទើបទ្រង់ត្រាស់ថា យញ្ចញ្ញំ ទោសសញ្ញិតំ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា យញ្ចញ្ញំ ទោសសញ្ញិតំ បានដល់ ប្រកបដោយកិលេស មានរាគៈជាដើម ពាក្យ ដ៏សេស មានអត្ថងាយយល់ហើយ ។