សុចរិតសូត្រ

ក្បាលទី 36 · ទំព័រ 527

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សុចរិតនេះ មាន ៣ ។ សុចរិត ៣ តើអ្វីខ្លះ ។ គឺកាយសុចរិត ១ វចីសុចរិត ១ មនោសុចរិត ១ ។ ម្នាលភិក្ខុទាំងឡាយ សុចរិតមាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់ សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណា លះនូវកាយទុច្ចរិតផង នូវវចីទុច្ចរិតផង លះ នូវមនោទុច្ចរិតផង នូវអំពើណាមួយ ដែលប្រកបដោយ ទោសផង មិនធ្វើអកុសលកម្ម ធ្វើតែកុសលកម្មដ៏ច្រើន បុគ្គលប្រកបដោយប្រាជ្ញានោះ លុះបែកធ្លាយរាងកាយ រមែងទៅកើតក្នុងស្ថានសួគ៌ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ទុក ហើយ ។ សូត្រទី ៦ ។