អដ្ឋកថាសុចរិតសូត្រ
ក្នុងសុចរិតសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ការប្រព្រឹត្តិល្អ ឬការប្រព្រឹត្តិស្អាត ឈ្មោះថា សុចរិត ។ ការប្រព្រឹត្តិល្អដោយកាយ ឬការប្រព្រឹត្តិល្អដែលប្រព្រឹត្តទៅហើយ ដោយ កាយ ឈ្មោះថា កាយសុចរិតំ ។ សូម្បីក្នុងបទដ៏សេស ក៏ន័យនេះដូចគ្នា ។ ក្នុងព្រះសូត្រនេះ មានពោលដល់ ២ យ៉ាងដូចគ្នា គឺដោយអំណាចនៃ បញ្ញត្តិ និងដោយអំណាចនៃកម្មបថ ។ បណ្តា ២ យ៉ាងនោះ ការមិនល្មើស សិក្ខាបទ ដែលទ្រង់បញ្ញត្តិហើយតាមកាយទ្វារ ឈ្មោះថា កាយសុចរិត ។ ការមិនល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តហើយតាមវចីទ្វារ ឈ្មោះថា វចីសុចរុត ។ ការមិនល្មើសសិក្ខាបទដែលទ្រង់បញ្ញត្តិហើយទាំង ២ ទ្វារ ឈ្មោះ ថា ជា មនោសុចរិត ព្រោះដូច្នោះ នេះជាការពោលតាមបញ្ញត្តិ ចំណែក ចេតនាក្តី វិរតិ ៣ ក្តី ដែលកើតឡើងហើយ ដល់បុគ្គលអ្នកវៀរចាកបាណាតិបាតជាដើម ជា កាយសុចរិត ចេតនាក្តី វិរតិ ៤ ក្តី ដែលកើតឡើង ដល់បុគ្គលអ្នកវៀរចាកមុសាវាទជាដើម ជា វចីសុចរិត ។ ធម៌ដែលសម្បយុត្តដោយចេតនា ៣ យ៉ាង គឺអនភិជ្ឈា អព្យាបាទ សម្មាទិដ្ឋិ ជា មនោសុចរិត ព្រោះដូច្នោះ នេះជាការពោលតាមកម្មបថ ។ ពាក្យដ៏សេសមាន ន័យដូចពោលហើយ ។