សោចេយ្យសូត្រ

ក្បាលទី 36 · ទំព័រ 529

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សោចេយ្យៈ ( សេចក្តីស្អាត ) សោចេយ្យៈ ៣ តើអ្វីខ្លះ ។ គឺកាយសោចេយ្យៈ ១ វចីសោចេយ្យៈ ១ មនោសោចេយ្យៈ ១ ។ ម្នាលភិក្ខុទាំងឡាយ សោចេយ្យៈ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ( ពួកព្រះអរិយៈ មានព្រះពុទ្ធជាដើម ) តែងហៅនូវ បុគ្គលអ្នកស្អាតកាយ ស្អាតវាចា ស្អាតចិត្ត មិនមានអាសវៈ លះបង់នូវទុច្ចរិតទាំងពួង ថាជាអ្នកស្អាត បរិបូណ៌ដោយសេចក្តីស្អាត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ ហើយ ។ សូត្រទី ៧ ។