អដ្ឋកថាសោចេយ្យសូត្រ

ក្បាលទី 36 · ទំព័រ 530

ក្នុងសោចេយ្យសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សោចេយ្យានិ បានដល់ ការស្អាត ។ បទថា កាយសោចេយ្យំ បានដល់ កាយសុចរិត ។ សូម្បី វចីសោចេយ្យ និង មនោសោចេយ្យ ក៏បានដល់ វចីសុចរិត និងមនោសុចរិតនោះឯង ។ សម ដូចពាក្យដែលត្រាស់ក្នុងអង្គុត្តរនិកាយ តិកនិបាតថា ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតកាយ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការ សម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុស ក្នុងកាម ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតកាយ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថានេះ ឈ្មោះថា ការស្អាតតាមកាយ ព្រោះ លះនូវកាយទុច្ចរិតគ្រប់យ៉ាងបានហើយ ដោយអំណាចនៃការកាត់ផ្តាច់ ព្រោះ ដូច្នោះ ទើបឈ្មោះថា ការស្អាតតាមកាយ ។ បទថា សោចេយ្យសម្បន្នំ សេចក្តីថា ចូលដល់ហើយដោយសោចេយ្យសម្បត្តិ ដែលបរិសុទ្ធល្អហើយ ព្រោះរម្ងាប់នូវកិលេសបានហើយ ពាក្យដ៏សេស មានន័យដូចពោលហើយ នោះឯង ។