បឋមរាគសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មិនបាន លះរាគៈ មិនបានលះទោសៈ មិនបានលះមោហៈទេ ម្នាលភិក្ខុទាំងឡាយ បុគ្គល នេះ ហៅថា ជាអ្នកត្រូវមារចងបានផង ត្រូវអន្ទាក់មារបញ្ចូលហើយផង ជាអ្នក ត្រូវមារមានចិត្តបាបធ្វើបានតាមប្រាថ្នាផង ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ បានលះរាគៈ លះទោសៈ លះមោហៈហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គល នេះ ហៅថា ជាអ្នកមិនត្រូវមារចងបានផង អន្ទាក់របស់មារក៏ថ្លោះចេញផង មារ មានចិត្តបាបធ្វើមិនបានតាមប្រាថ្នាផង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តី នុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណា ឃ្លាតចេញចាករាគៈផង ទោសៈផង អវិជ្ជា ផង ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម តែង ហៅនូវបុគ្គល អ្នកមានខ្លួនចម្រើនហើយ លះបង់នូវ កិលេសទាំងពួងនោះថា ជាអរហន្ត ជាព្រហ្ម ជាព្រះតថាគត ជាព្រះពុទ្ធ អ្នកកន្លងបង់នូវពៀរ និងភ័យ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។ សូត្រទី ៩ ។