អដ្ឋកថាបឋមរាគសូត្រ
ក្នុងបឋមរាគសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា យស្ស កស្សចិ ជាពាក្យពោលដល់បុគ្គលដែលមិន បានកំណត់ពិតប្រាកដ ព្រោះដូច្នោះ កាលបុគ្គលណាម្នាក់ ជាគ្រហស្ថក្តី ជាបព្វជិតក្តី ។ បទថា រាគោ អប្បហីនោ សេចក្តីថា កិលេស ឈ្មោះថា រាគ ព្រោះអត្ថថា តម្រេកដែលបុគ្គលណាម្នាក់ មិនទាន់លះបានហើយដោយ អំណាចនៃសមុច្ឆេទប្បហាន គឺមិនឲ្យដល់នូវការកើតឡើងជាធម្មតាដោយមគ្គ ។ ក្នុងទោសៈ និងមោហៈទាំងឡាយ ក៏មានន័យដូចគ្នា ។ បណ្តាកិលេសទាំងនោះ រាគៈ ទោសៈ មោហៈ ដែលនឹងឲ្យទៅអបាយ នឹងលះបានដោយ បឋមមគ្គ កាមរាគយ៉ាងគ្រោតគ្រាត និងទោសៈដែលគ្រោតគ្រាត លះបាន ដោយទុតិយមគ្គ កាមរាគ និងទោសៈទាំងនោះឯង លះមិនមានសេសសល់ ដោយតតិយមគ្គ ។ ភវរាគៈ និងមោហៈដ៏សេស លះបានដោយមគ្គទី ៤ ។ កាលលះកិលេសទាំងនេះបានយ៉ាងនេះ កិលេសទាំងអស់ រមែងលះបានដូចគ្នា ព្រោះតាំងនៅក្នុងទីតែមួយនឹងកិលេសទាំងនោះ ។ រាគៈជាដើម តាម ដែលពណ៌នាមកនេះ បុគ្គលណាម្នាក់ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី មិនទាន់លះបានដោយមគ្គ ។ បទថា ពន្ធោ មារស្ស សេចក្តីថា បុគ្គលនោះ តថាគតហៅថា ត្រូវ មារ គឺកិលេសចងហើយ និងត្រូវកិលេសមារចងហើយដោយអន្ទាក់ដ៏ ក្រៃលែង ដែលត្រូវអភិសង្ខារមារជាដើមចងហើយ ដោយអន្ទាក់ដ៏ក្រៃលែង នោះដូចគ្នា ។ បទថា បដិមុក្កស្ស មារបសោ សេចក្តីថា កិលេស ពោលគឺ អន្ទាក់នៃមារ ឈ្មោះថា បុគ្គលនេះមិនទាន់លះកិលេស បានទាក់ចងហើយ ព្រោះមិនទាន់លះកិលេសបាននោះឯង អធិប្បាយថា រឹតហើយ គឺសកចូលទៅ ហើយក្នុងចិត្តសន្តានរបស់ខ្លួន បានដល់ ត្រូវមារនោះបង្គាប់ឲ្យចងឯង ។ ម្យ៉ាងទៀត អន្ទាក់មារគប្បីជារបស់ដែលគេចងហើយ ។