អដ្ឋកថាមិច្ឆាទិដ្ឋិកសូត្រ
ក្នុងមិច្ឆាទិដ្ឋិកសូត្រទី ១ នៃវគ្គទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ នេះ បទថា ទិដ្ឋា មយា សេចក្តីថា សត្វទាំងឡាយដែលតថាគត ឃើញហើយ គឺដែលតថាគតឃើញហើយ ដោយចក្ខុទាំងពីរ គឺសមន្តចក្ខុ និងទិព្វចក្ខុ បានដល់ ដោយប្រចក្ស ។ ដោយពាក្យថា ទិដ្ឋា មយា នោះ ព្រះមានព្រះភាគ ទ្រង់ជំទាស់នូវការបានស្តាប់តាមគ្នាមកជាដើម សេចក្តីនេះ នឹងមានមកក្នុងព្រះបាលី ក្នុងឥឡូវនេះឯង ។ បទថា កាយទុច្ចរិតេន សមន្នាគតា សេចក្តីថា ជាអ្នកដល់ព្រមដោយកាយទុច្ចរិត ។ បទថា អរិយានំ ឧបវាទកា សេចក្តីថា ជាអ្នកប្រទូស្ត គឺជេរ បានដល់ តិះដៀល ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ដោយហោចសូម្បីព្រះសោតាបន្ន ដែលជាគ្រហស្ថ ដោយការពោលបង្កាច់ដែលមិនពិត ជាហេតុកម្ចាត់នូវ គុណ ។ បទថា មិច្ឆាទិដ្ឋិកា បានដល់ ជាអ្នកមានការឃើញខុស ។ បទថា មិច្ឆាទិដ្ឋិកម្មសមាទានា សេចក្តីថា បុគ្គលណា សមាទាននូវកម្មច្រើនប្រភេទ ព្រោះមានការឃើញខុសជាហេតុនោះឯង និងសមាទានកម្មដទៃទៀត មាន កាយកម្មជាដើម ដែលមានមិច្ឆាទិដ្ឋិជាមូល ។ កាលអរិយូបវាទកម្ម និងមិច្ឆាទិដ្ឋិ ទ្រង់កាន់យកហើយ ដោយវចីទុច្ចរិត និងមនោទុច្ចរិតនោះឯង ក្នុងទីនេះ កាលត្រាស់ដដែលទៀត ក៏ដើម្បីទ្រង់សម្តែងថា អរិយូបវាទកម្ម និងមិច្ឆាទិដ្ឋិ មានទោសច្រើន ព្រោះថា បណ្តា ២ យ៉ាងនោះ អរិយូបវាទមានទោសច្រើន ស្មើគ្នានឹងអនន្តរិយកម្ម ។ សមដូចព្រះតម្រាស់ក្នុងមហាសីហនាទសូត្រថា ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែង សម្រេចនូវអរហន្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគតពោលនូវហេតុនេះ ជា គ្រឿងផ្តល់នូវពាក្យឧបមេយ្យក៏យ៉ាងនោះដែរ ។