និស្សរណិយសូត្រ
ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធាតុជាគ្រឿងរលាស់ចេញ ធាតុជាគ្រឿងរលាស់ចេញ ៣ តើអ្វីខ្លះ ។ ការរលាស់ចេញ ចាកកាមទាំងឡាយនេះ បានដល់នេក្ខម្មៈ គឺបឋមជ្ឈាន ១ ការរលាស់ចេញ ចាករូបធម៌ទាំងឡាយនេះ បានដល់អរូបជ្ឈាន ១ ធម្មជាតណាមួយ ដែលកើត ហើយ ដែលបច្ច័យតាក់តែងហើយ ដែលកើតឡើងព្រោះអាស្រ័យហេតុ ការរលត់ គឺព្រះនិព្វានជាគ្រឿងរលាស់ចេញចាកធម្មជាតនោះ ១ ។ ម្នាលភិក្ខុទាំងឡាយ ធាតុជាគ្រឿងរលាស់ចេញ មាន ៣ នេះឯង ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ( ភិក្ខុណា ) ដឹងនូវការរលាស់ចេញចាកកាមផង ដឹង នូវឧបាយ ជាគ្រឿងកន្លងរូបធម៌ទាំងឡាយផង កាល ពាល់ត្រូវព្រះនិព្វាន ជាទីរម្ងាប់នូវសង្ខារទាំងពួង ជា អ្នកមានព្យាយាម ជាគ្រឿងដុតកម្តៅកិលេស សព្វៗ កាល ភិក្ខុនោះ ឈ្មោះថា ជាអ្នកឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាទី រម្ងាប់នូវសង្ខារទាំងពួងនោះ ភិក្ខុនោះ ជាអ្នកមានព្រហ្មចរិយធម៌ នៅរួចហើយ ជាអ្នកស្ងប់រម្ងាប់ ព្រោះដឹង ច្បាស់ ឈ្មោះថា អ្នកប្រាជ្ញ អ្នកប្រព្រឹត្តកន្លងនូវយោគៈ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។ សូត្រទី ៣ ។