អដ្ឋកថាសន្តតរសូត្រ
ក្នុងសន្តតរសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា រូបេហិ សេចក្តីថា រូបាវចរធម៌ទាំងឡាយ ។ បទថា សន្តតរា សេចក្តីថា ស្ងប់ល្អជាង ព្រោះថា រូបាវចរធម៌ទាំងឡាយ ឈ្មោះ ថា ស្ងប់ហើយ ព្រោះសង្កត់នូវកិលេសបាន ព្រោះលះអង្គដែលគ្រោតគ្រាត ដែលមានវិតក្កៈជាដើម និងព្រោះមានភូមិមាំទាំហើយ ឯអរូបធម៌ទាំងឡាយ មានព្រឹត្តិកម្មស្ងប់ល្អជាងរូបធម៌ទាំងនោះ ព្រោះមានអង្គស្ងប់ និងព្រោះមាន អារម្មណ៍ស្ងប់ ព្រោះដូច្នោះ ទើបអរូបធម៌ទាំងនោះ ព្រះមានព្រះភាគត្រាស់ថា សន្តតរា ប្រែថា ស្ងប់ជាង ។ ព្រះនិព្វាន ឈ្មោះថា និរោធោ ព្រោះថា ផលសមាបត្តិស្ងប់ជាងអរូបជ្ឈានទី ៤ សូម្បីមិនទាន់មានសេចក្តីសុខុមកើតឡើង ព្រោះនៅមានសង្ខារសេសសល់ ព្រោះស្ងប់នូវសេចក្តីក្រវល់ក្រវាយ ដែលកើតអំពីកិលេស និងព្រោះមានព្រះនិព្វានជាអារម្មណ៍ នឹងពោលទៅថ្វី ដល់ធម៌ដែលស្ងប់នៃសង្ខារទាំងពួង គឺព្រះនិព្វាន ព្រោះដូច្នោះ ទើបព្រះមាន ព្រះភាគត្រាស់ថា អរូបេហិ និរោធោ សន្តតរោ ប្រែថា និរោធស្ងប់ជាង អរូបទាំងឡាយ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាទាំងឡាយដូចតទៅនេះ បទថា រូបូបគា ប្រែថា ចូលដល់រូបភព ។ ពិតហើយ រូបភពក្នុងគាថានេះ ទ្រង់ត្រាស់ថា រូប ដូចក្នុងប្រយោគជាដើមថា ញ៉ាំងមគ្គឲ្យចម្រើនដើម្បីចូលដល់រូប ។ បទថា អរូបដ្ឋាយិនោ បានដល់ អរូបាវចរទាំងឡាយ ។ បទថា និរោធំ អប្បជានន្តា អាគន្តារោ បុនព្ភវំ នេះ ព្រះមានព្រះភាគទ្រង់សម្តែងថា និរោធជាធម៌ ស្ងប់ជាងរូបធម៌ និងអរូបធម៌ទាំងឡាយនោះឯង ។