សុខបត្ថនាសូត្រ
ក្នុងសុខបត្ថនាសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សុខានិ បានដល់ ហេតុនៃសេចក្តីសុខ ។ បទថា បត្ថយមានោ សេចក្តីថា ប្រាថ្នា គឺមានចំណង់ ។ បទថា សីលំ បានដល់ ទាំងសីលរបស់ គ្រហស្ថ និងសីលរបស់បព្វជិត អធិប្បាយថា បើគ្រហស្ថ ត្រូវរក្សាសីល របស់គ្រហស្ថ បើជាបព្វជិត ក៏ត្រូវរក្សាចតុប្បរិសុទ្ធិសីល ។ បទថា រក្ខេយ្យ សេចក្តីថា សមាទានហើយ មិនកន្លងល្មើស រក្សាដោយល្អនោះឯង ។ បទថា បសំសា មេ អាគច្ឆតុ សេចក្តីថា អ្នកឈ្លាស គឺអ្នកមាន បញ្ញា ប្រាថ្នាថា សូមកិត្តិសព្ទដែលល្អរបស់អញចូរមកដល់ ដូច្នេះហើយ រក្សាសីល អធិប្បាយថា កិត្តិសព្ទដែលល្អរបស់គ្រហស្ថអ្នកមានសីល តែង ផ្សាយទៅកណ្តាលបរិស័ទ ដោយន័យជាដើមថា កូនរបស់ត្រកូលនោះ ឈ្មោះ នោះ ជាអ្នកមានសីល មានកល្យាណធម៌ មានសទ្ធាជ្រះថ្លាហើយ ជាអ្នកឲ្យទាន ជាអ្នកបំពេញបុណ្យ ដូច្នេះ ។ កិត្តិសព្ទដ៏ល្អរបស់បព្វជិត រមែងផ្សាយ ទៅក្នុងកណ្តាលបរិស័ទ ដោយន័យជាដើមថា ភិក្ខុឈ្មោះនោះ ជាអ្នកមាន សីល សម្បូរដោយវត្ត ស្ងប់ស្ងៀម នៅរួមដោយសប្បាយ មានសេចក្តីគោរព មានការកោតក្រែង ដូច្នេះ សមដូចទ្រង់ត្រាស់ថា ម្នាលគហបតី មួយទៀត បុគ្គលមានសីល បរិបូណ៌ដោយសីលហើយ តែងមានកិត្តិសព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅ ដូច្នេះ ។ ម្យ៉ាងទៀត សមដូចព្រះតម្រាស់ដែលត្រាស់ក្នុងអាកង្ខេយ្យសូត្រថា ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញគប្បីជាទីស្រឡាញ់ផង ជាទី ពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកសព្រហ្មចារី ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា ភោគា មេ ឧប្បជ្ជន្តុ ដូចតទៅនេះថា ជា បឋម កាលគ្រហស្ថអ្នកមានសីល មានកល្យាណធម៌ ចិញ្ចឹមជីវិត