អដ្ឋកថាសុខបត្ថនាសូត្រ
បទថា តយោ សុខេ ស្មើគ្នានឹង តីណិ សុខានិ ប្រែថា សេចក្តីសុខ ៣ ប្រការ ។ បទថា វិត្តលាភំ សេចក្តី ថា បានទ្រព្យ អធិប្បាយថា ការកើតឡើងនៃភោគទ្រព្យ ។ ដោយបទដែល បែកផ្សេងគ្នា បណ្តាសុខទាំង ៣ យ៉ាងនេះ គប្បីជ្រាបថា ទ្រង់កាន់យក ចេតសិកសុខ ដោយការសរសើរកាយិកសុខ ដោយភោគៈ ឧបបត្តិសុខ ដោយទ្រព្យក្រៅអំពីនេះ ម្យ៉ាងទៀត គប្បីជ្រាបថា ទ្រង់កាន់យកសុខក្នុង បច្ចុប្បន្ន ដោយសព្ទទី ១ សុខក្នុងសម្បរាយិកភពដោយសព្ទទី ៣ សុខ ទាំង ២ យ៉ាង ដោយសព្ទទាំង ២ ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការវៀរចាកបាបមិត្ត និង ការសេពគប់កល្យាណមិត្ត ដែលជាហេតុពិសេសនៃការសរសើរជាដើម ដូច សីល ដែលជាហេតុធម្មតានៃការសរសើរជាដើម មួយអន្លើដោយទោស និង អានិសង្ស ទើបត្រាស់ពាក្យជាដើមថា អករោន្តោ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា សង្កិយោ សេចក្តីថា បុគ្គលនោះគប្បីត្រូវ រង្កៀស ព្រោះសេចក្តីអាក្រក់ថា បុគ្គលនេះ ធ្វើអាក្រក់មកហើយ ឬនឹងធ្វើ តទៅដោយពិត ។ ម្យ៉ាងទៀត ព្រោះចូលទៅសេពគប់នឹងជនអាក្រក់ទាំងឡាយ ។ បទថា អស្ស សេចក្តីថា ទោសរបស់បុគ្គលដែលសេពគប់មិត្តអាក្រក់ នេះសូម្បីមិនមាន ក៏ដុះដាលឡើងព្រោះសេពគប់មិត្តអាក្រក់ ។ បទថា រូហតិ បានដល់ ដល់នូវការដុះដាល ពេញបរិបូណ៌ គឺផ្សាយទៅ ។ ម្យ៉ាងទៀត បទថា អស្ស ជាឆដ្ឋីវិភត្តិ ចុះក្នុងអត្ថនៃសត្តមីវិភត្តិ សេចក្តីថា ក្នុងបុគ្គលនោះ ។ បទថា សវេ តាទិសកោ ហោតិ សេចក្តីថា បុគ្គលណាគប់ និងចូលទៅ គប់រកបាបមិត្ត ឬកល្យាណមិត្តបែបណា បុគ្គលនោះ ក៏នឹងទៅជាយ៉ាងនោះ