អដ្ឋកថាធាតុសោសំសន្ទនសូត្រ
ក្នុងធាតុសោសំសន្ទនសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ធាតុសោ បានដល់ ដោយធាតុ ។ ធាតុ គឺអធ្យាស្រ័យ គឺសភាវៈនៃអធ្យាស្រ័យ ដែលត្រាស់ហៅថា អធិមុត្តិក៏មាន ព្រះអង្គ ទ្រង់បំណងយកថា ធាតុ ក្នុងព្រះសូត្រនេះ ។ បទថា សំសន្ទន្តិ សេចក្តីថា ចូលគ្នាបាន គឺរួមគ្នាបានតាមធាតុ គឺតាមអធ្យាស្រ័យ ព្រោះមានធាតុមាន ចំណែកស្មើគ្នានោះ ។ បទថា សមេន្តិ សេចក្តីថា ជាអ្នកមានការគិតរួមគ្នា សមាគមគ្នាបាន គឺគប់រកគ្នាបាន បានដល់ ចូលទៅរកគ្នាបាន ព្រោះជាអ្នក មានអធ្យាស្រ័យស្មើគ្នានោះឯង ម្យ៉ាងទៀត ការគាប់ចិត្ត ការអត់ធន់ និងការឃើញ ស្មើគ្នាក្នុងរឿងនោះៗ ។ បទថា ហីនាធិមុត្តិកា សេចក្តីថា ឈ្មោះថា មានអធិមុត្តិថោកទាប ព្រោះមានការទោរទន់ទៅក្នុងធម៌ដែលថោកទាប មាន កាមគុណជាដើម គឺមានអធ្យាស្រ័យថោកទាប ។ បទថា កល្យាណាធិមុត្តិកា សេចក្តីថា ឈ្មោះថា មានអធិមុត្តិល្អ ព្រោះមានការទោរទន់ទៅក្នុង ធម៌ដែលល្អ មាននេក្ខម្មៈជាដើម គឺមានអធ្យាស្រ័យប្រណីត អធិប្បាយ ថា បើអាចារ្យ និងឧបជ្ឈាយ៍ ជាអ្នកមិនមានសីល តែអន្តេវាសិក និងសទ្ធិវិហារិក ជាអ្នកមានសីល អន្តេវាសិក និងសទ្ធិវិហារិកទាំងនោះ តែងមិនចូលទៅ រកអាចារ្យ និងឧបជ្ឈាយ៍ នឹងចូលទៅរកចំពោះតែភិក្ខុដែលមានសមណសារុប្បដូចខ្លួន ។ បើអាចារ្យ និងឧជ្ឈាយ៍ជាអ្នកមានសីល អន្តេវាសិក និង សទ្ធិវិហារិកក្រៅអំពីនេះ ជាអ្នកមិនមានសីល អន្តេវាសិក និងសទ្ធិវិហារិក ទាំងនោះ មិនចូលទៅរកអាចារ្យ និងឧបជ្ឈាយ៍ ទៅរកតែបុគ្គលដែលមាន អធ្យាស្រ័យថោកទាបដូចខ្លួនបុណ្ណោះ ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា ការចូលទៅរកយ៉ាងនេះ នឹង មានចំពោះក្នុងបច្ចុប្បន្នតែម្យ៉ាងក៏មិនមែន ដោយពិតហើយ សូម