បរិហានសូត្រ

ក្បាលទី 36 · ទំព័រ 623

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្ត ទៅ ដើម្បីសេចក្តីសាបសូន្យដល់សេក្ខភិក្ខុ ។ ធម៌ ៣ តើដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ សេក្ខភិក្ខុក្នុងសាសនានេះ ជាអ្នកមានការងារជាទីត្រេកអរ ត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមាន តិរច្ឆានកថាជាទីត្រេកអរ ត្រេកអរក្នុងតិរច្ឆានកថា ប្រកបរឿយៗ នូវតិរច្ឆានកថាជាទីត្រេកអរ ១ ជាអ្នកមានការដេកលក់ជាទីត្រេកអរ ត្រេកអរក្នុងការដេកលក់ ប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់សេក្ខភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ នេះ រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ សេក្ខភិក្ខុ ។ ធម៌ ៣ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សេក្ខភិក្ខុ ក្នុង សាសនានេះ ជាអ្នកមិនមានការងារជាទីត្រេកអរ មិនត្រេកអរក្នុងការងារ មិន ប្រកបរឿយៗ នូវការងារជាទីត្រេកអរ ១ ជាអ្នកមិនមានតិរច្ឆានកថាជាទី ត្រេកអរ មិនត្រេកអរក្នុងតិរច្ឆានកថា មិនប្រកបរឿយៗ នូវតិរច្ឆានកថា ជាទី ត្រេកអរ ១ ជាអ្នកមិនមានការដេកលក់ជាទីត្រេកអរ មិនត្រេកអរក្នុងការដេកលក់ មិនប្រកបរឿយៗ នូវការដេកលក់ជាទីត្រេកអរ ១ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ នេះឯង រមែងប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យដល់ សេក្ខភិក្ខុ ។