អដ្ឋកថាសក្ការសូត្រ

ក្បាលទី 36 · ទំព័រ 636

ក្នុងសក្ការសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សក្ការេន សេចក្តីថា ត្រូវសក្ការៈដែលជាហេតុ ។ ម្យ៉ាងទៀត បទថា សក្ការេន នេះ សេចក្តីថា ត្រូវហេតុ ឬសក្ការៈ ឬត្រូវ អកុសលធម៌ មានសក្ការៈជាហេតុ ( គ្របសង្កត់ ) អធិប្បាយថា ព្រោះ អាស្រ័យសក្ការៈ បុគ្គលពួកខ្លះក្នុងលោកនេះ មានសេចក្តីប្រាថ្នាលាមក ត្រូវ ចំណង់គ្របសង្កត់ តាំងនៅក្នុងឥច្ឆាចារ គិតថា អញនឹងឲ្យសក្ការៈកើតឡើង ហើយប្រព្រឹត្តស្វែងរកដែលមិនសមគួរច្រើនយ៉ាង ចុតិអំពីលោកនេះហើយ ទើបកើតក្នុងអបាយ ។ ឯបុគ្គលដទៃបានសក្ការៈណាហើយ ដល់នូវសេចក្តី ប្រមាទ ដែលមានសក្ការៈយ៉ាងនោះជានិមិត្ត ដោយអំណាចនៃមានះ មទៈ និងមច្ឆរិយៈជាដើម ចុតិអំពីលោកនេះហើយ កើតក្នុងអបាយទាំងឡាយ ដែលព្រះមានព្រះភាគត្រាស់សំដៅយកថា ដែលត្រូវសក្ការៈគ្របសង្កត់ហើយ រួបរឹតចិត្តហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អភិភូតា សេចក្តីថា ត្រូវសក្ការៈ គ្រប សង្កត់ហើយ ។ បទថា បរិយាទិន្នចិត្តា សេចក្តីថា មានចិត្តដែលសក្ការៈ ញាំញីទៅហើយ គឺជាបុគ្គលមានកុសលចិត្ត ត្រូវឥច្ឆាចារ និងអកុសល មាន មានះ និងមទៈជាដើមឲ្យដល់នូវការអស់ទៅ ។ ម្យ៉ាងទៀត បទថា បរិយាទិន្នចិត្តា នេះ សេចក្តីថា មានចិត្តដែលសក្ការៈទាញដោយជុំទិស អធិប្បាយ ថា ជាអ្នកមានចិត្តសន្តានត្រូវចំណែកនៃអកុសលធម៌ មានប្រការដូចពោល ហើយ ទាញហើយដោយជុំវិញ ដោយមិនមានវារៈនៃកុសលចិត្តកើតឡើង ។ បទថា អសក្ការេន សេចក្តីថា ដែលហេតុ គឺអសក្ការៈដែលអ្នកដទៃឲ្យប្រព្រឹត្ត ទៅហើយក្នុងខ្លួន ដោយបំណងឲ្យខ្មាស ដោយការចំអក ឬត្រូវអកុសលធម៌ មានមានះជាដើម ដែលមានសក្ការៈជាហេតុគ្របសង្កត់ហើយ ។