អដ្ឋកថាទេវសទ្ទសូត្រ
ក្នុងទេវសទ្ទសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ទេវេសុ សេចក្តីថា វៀរទេវតាដែលជាអរូបាវចរ និងទេវតាដែលជាអសញ្ញីទាំងឡាយ ក្នុងឧបបត្តិទេពដទៃអំពីនោះ ។ បទថា ទេវសទ្ទា បានដល់ សំឡេងដែលកើតឡើងអំពីបីតិរបស់ទេវតាទាំងឡាយ ។ បទថា និច្ឆរន្តិ បានដល់ បន្លឺចេញដោយអំណាចនៃការសន្ទនាប្រាស្រ័យគ្នា ។ បទថា សមយា សមយំ ឧបទាយ សេចក្តីថា អាស្រ័យសម័យដ៏សមគួរ មានអធិប្បាយថា ទេវតាទាំងឡាយតាំងនៅក្នុងកាលណា អាស្រ័យកាល នោះ ឃើញអរិយសាវ័កនោះ ។ បន្ទាប់អំពីនោះ អាស្រ័យសម័យ គឺពេល ដែលជួបនោះ ។ ចំណែកអាចារ្យពួកខ្លះពោលថា សំដៅយកគ្រប់សម័យ អធិប្បាយថា អាស្រ័យសម័យនោះៗ នៃលោកទាំងនោះ ។ បទថា យស្មឹ សមយេ សេចក្តីថា ក្នុងសម័យដែលព្រះអរិយសាវ័ក ឃើញទោសក្នុងកាមទាំងឡាយ ដោយន័យជាដើមថា អដ្ឋិកង្កលូបមា កាមា កាមទាំងឡាយឧបមាដោយរាងឆ្អឹង និងដោយការគ្រប់គ្រងផ្ទះ ដោយន័យ ជាដើមថា សម្ពាធោ ឃរាវាសោ ការនៅគ្រប់គ្រងផ្ទះចង្ហៀតចង្អល់យ៉ាង ក្រៃលែង និងឃើញអានិសង្សក្នុងការចេញបួស ដោយន័យដែលផ្ទុយគ្នា ក្នុង ការនៅគ្រប់គ្រងផ្ទះនោះយ៉ាងល្អ ។ ព្រោះថា កាលនោះឯង ចិត្តរបស់អរិយសាវ័កនោះ នឹងបង្អោនទៅក្នុងបព្វជ្ជាតែម្យ៉ាង ។ បទថា អរិយសាវកោ បានដល់ សាវ័ករបស់លោកអ្នកដ៏ប្រសើរ គឺព្រះមានព្រះភាគសម្មាសម្ពុទ្ធ គឺអរិយសាវ័កដែលបំណងនឹងចូលដល់ភាពជាសាវ័ក ឬជាអរិយសាវ័កដោយ ពិត ពាក្យប្រារព្ធនេះ ទេវតាពោលសំដៅយកសាវ័ក និងព្រះពោធិសត្វដែល មានភពចុងក្រោយ ។