អដ្ឋកថាបញ្ចបុព្វនិមិត្តសូត្រ
ក្នុងបញ្ចបុព្វនិមិត្តសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ [ ៨៣-៨៤ ] បទថា យទា ប្រែថា ក្នុងកាលណា ។ បទថា ទេវោ បានដល់ ទេវតាពួកឧបបត្តិទេព ។ ទេវៈមាន ៣ ពួក គឺសម្មតិទេព ១ ឧបបត្តិទេព ១ វិសុទ្ធិទេព ១ ក្នុងទេវៈ ៣ ពួកនេះ ក្សត្រជាព្រះរាជាទាំងឡាយ ឈ្មោះថា សម្មតិទេព ទេវតាដែលខ្ពស់ជាងនោះចាប់ពីចាតុម្មហារាជិកាជាដើម ឈ្មោះថា ឧបបត្តិទេព ព្រះខីណាស្រព ឈ្មោះថា វិសុទ្ធិទេព ។ តែក្នុងព្រះសូត្រទ្រង់បំណងយក ទេវតាជាន់កាមាវចរ ។ ដោយហេតុនោះ ទើបខ្ញុំពោលថា បទថា ទេវោ បានដល់ ឧបបត្តិទេព ។ បទថា ទេវកាយា សេចក្តីថា ចាកជំនុំនៃទេវៈ ឬចាកតំណែងនៃទេវៈ អធិប្បាយថា ចាកទេវលោក ព្រោះថា កាយ សព្ទនេះ សំដៅដល់ការនៅជា ពួក ។ បទថា ចវនធម្មោ សេចក្តីថា មានការស្លាប់ជាធម្មតា អធិប្បាយ ថា មានមរណៈប្រាកដហើយ ព្រោះអស់អាយុ ឬអស់បុណ្យ ។ បទថា បញ្ចស្ស បុព្វនិមិត្តានិ បតុភវន្តិ សេចក្តីថា បុព្វនិមិត្តនៃការ ស្លាប់ ៥ ប្រការ រមែងកើតឡើង ឬប្រាកដដល់ទេវតានោះជាអ្នកមានមរណៈ ប្រាកដហើយ ។ បទថា មាលា មិលាយន្តិ សេចក្តីថា ផ្កាដែលទេវបុត្រ នោះប្រដាប់នោះក្រៀមស្វិត គឺអស់នូវសម្រស់ ដូចបោះទៅក្នុងទីក្តៅ ក្នុងគ្រា ថ្ងៃត្រង់ ។ បទថា វត្ថានិ កិលិស្សន្តិ សេចក្តីថា អាភរណៈ គឺសំពត់ដែល ទេវបុត្រនោះស្លៀកដណ្តប់ហើយ មានពណ៌ដូចព្រះអាទិត្យដែលទើបតែនឹងរះ ក្នុងអាកាសដែលប្រាសចាកពពក ក្នុងសរទសម័យ មានពណ៌ផ្សេងៗ ក៏ថម ថយ មិនចាំងចែង ដល់នូវការសៅហ្មង ដូចបោះទៅក្នុងភក់ ហើយជាន់ឈ្លី ក្នុងខណៈនោះឯង ។