អដ្ឋកថាពហុជនហិតសូត្រ
ក្នុងពហុជនហិតសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា លោកេ នេះ លោកមាន ៣ គឺសត្វលោក ១ សង្ខារលោក ១ ឱកាសលោក ១ ។ ក្នុងលោកទាំង ៣ នោះ ពួកសត្វ ទាំងឡាយ ដែលទាក់ទងដោយឥន្ទ្រិយ ដែលប្រព្រឹត្តទៅដោយអំណាចនៃការ បន្តរបស់រូបធម៌ និងអរូបធម៌ និងរូបធម៌ផង អរូបធម៌ផង ឈ្មោះថា សត្វលោក ។ លោកដែលចែកប្រភេទជាដី និងភ្នំជាដើម ឈ្មោះថា ឱកាសលោក ខន្ធទាំងឡាយក្នុងលោកទាំង ២ ឈ្មោះថា សង្ខារលោក ។ លោកទាំង ៣ នោះ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគ ទ្រង់បំណងយកសត្វលោក ព្រោះ ដូច្នោះ ទើបបទថា លោកេ បានដល់ សត្វលោក ។ សូម្បីក្នុងលោកទាំងនោះ បុគ្គល ៣ ប្រភេទ មិនកើតក្នុងទេវលោក មិនកើតក្នុងព្រហ្មលោក តែ កើតក្នុងមនុស្សលោក ទោះបីក្នុងមនុស្សលោក ក៏មិនកើតក្នុងចក្រវាឡដទៃ កើតឡើងក្នុងចក្រវាឡនេះបុណ្ណោះ ទោះបីក្នុងចក្រវាឡនេះ ក៏មិនកើតក្នុងទី សព្វអន្លើ ព្រះតថាគត ទ្រង់កើតឡើងក្នុងមជ្ឈិមបទេស ដែលមានបណ្តោយ ៣០០ យោជន៍ ទទឹង ២៥០ យោជន៍ ជុំវិញ ៩០០ យោជន៍ ដែលកំណត់ យ៉ាងនេះ គឺក្នុងទិសខាងកើត មាននិគមឈ្មោះកជង្គល ខាងនាយកជង្គលនិគមនោះ មាននិគមឈ្មោះមហាសាលា ខាងនាយនិគមឈ្មោះមហាសាលា នោះ ហៅថា បច្ចន្តិមជនបទ ខាងអាយចូលមកជាមជ្ឈិមជនបទ ។ ក្នុងទិស អាគ្នេយ៍ មានស្ទឹងឈ្មោះសល្លវតី ខាងនាយស្ទឹងសល្លវតីនោះ ហៅថា បច្ចន្តិ- មជនបទ ខាងអាយចូលមកជាមជ្ឈិមជនបទ ។ ក្នុងទិសខាងត្បូង មាននិគម ឈ្មោះសេតកណ្ណិក ខាងនាយសេតកណ្ណិកនិគមនោះ ហៅថា បច្ចន្តិមជនបទ ខាងអាយចូលមកជាមជ្ឈិមជនបទ ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍ ឈ្មោះថូនគ្រាម ខាងនាយស្រុកថូនគ្រាមនោះ ហៅថា បច្ចន្តិមជនបទ ខាង អាយចូលមកជាមជ្ឈិមជនបទ ។