អសុភានុបស្សីសូត្រ

ក្បាលទី 36 · ទំព័រ 677

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរពិចារណាឃើញរឿយៗ នូវអាការមិនស្អាតក្នុងកាយ ឯអានាបានស្សតិកម្មដ្ឋាន ក៏អ្នកទាំងឡាយ ចូរ តាំងឡើងប្រាកដ ឲ្យមានមុខឆ្ពោះទៅកាន់អារម្មណ៍ខាងក្នុង អ្នកទាំងឡាយចូរ ពិចារណាឃើញរឿយៗ ក្នុងសង្ខារទាំងពួងថាមិនទៀង ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយៗ នូវអាការមិនស្អាតក្នុងកាយ ហើយ រាគានុស្ស័យណា គួរដល់កិរិយាកើតឡើងក្នុងសុភធាតុ ( កាន់យក នូវអារម្មណ៍ថាស្អាត ) រាគានុស្ស័យនោះ អ្នកទាំងឡាយរមែងលះបង់បាន ។ កាលអានាបានស្សតិកម្មដ្ឋាន តាំងឡើងប្រាកដ មានមុខឆ្ពោះទៅកាន់អារម្មណ៍ ខាងក្នុងហើយ អាសយវិតក្កទាំងឡាយណាជាខាងក្រៅ ដែលជាចំណែកនៃ សេចក្តីចង្ហៀតចង្អល់ អាសយវិតក្កទាំងនោះ មិនមានតទៅទៀតឡើយ ។ កាលបើអ្នកទាំងឡាយ ពិចារណាឃើញរឿយៗ ក្នុងសង្ខារទាំងពួងថា មិន ទៀងហើយ អវិជ្ជា អ្នកទាំងឡាយ ក៏រមែងលះបង់បាន វិជ្ជាសោត ក៏រមែង កើតឡើង ។ ភិក្ខុជាអ្នកពិចារណាឃើញរឿយៗ ក្នុងកាយថា មិនស្អាត មាន សតិតម្កល់ខ្ជាប់ក្នុងអានាបានស្សតិកម្មដ្ឋាន ពិចារណាឃើញព្រះនិព្វានជាទីរម្ងាប់ សង្ខារទាំងពួងហើយ ជាអ្នកមានព្យាយាម ជាគ្រឿងដុតកម្តៅកិលេសសព្វៗ កាល ។ ភិក្ខុនោះឯង ឈ្មោះថា ឃើញដោយប្រពៃ ជាអ្នកសង្រួម រមែងចុះ ចិត្តស៊ប់ក្នុងព្រះនិព្វាន ជាទីរម្ងាប់សង្ខារទាំងពួងនោះ ភិក្ខុនោះឯង ជាអ្នកមាន ព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ ជាអ្នកស្ងប់ ព្រោះដឹងច្បាស់ ឈ្មោះថា អ្នកប្រាជ្ញប្រព្រឹត្តកន្លងយោគៈ ។ សូត្រទី ៦ ។ ៥