ទេវទត្តសូត្រ

ក្បាលទី 36 · ទំព័រ 709

ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវអសទ្ធម្ម ៣ យ៉ាង គ្រប សង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ស្ថិតនៅ អស់ ១ កប្ប លែងកែបាន ។ អសទ្ធម្ម ៣ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តត្រូវសេចក្តីប្រាថ្នាដ៏លាមក គ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើត ក្នុងអបាយ ទៅកើតក្នុងនរក ស្ថិតនៅអស់ ១ កប្ប លែងកែបាន ១ ។ ម្នាល ភិក្ខុទាំងឡាយ ទេវទត្តត្រូវភាពនៃបាបមិត្តគ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នក ទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ស្ថិតនៅអស់ ១ កប្ប លែងកែបាន ១ ។ មួយវិញទៀត កិច្ចដែលគួរធ្វើតទៅទៀត នៅមាន ( បុន្តែ ) ទេវទត្តដល់នូវ សេចក្តីវិនាសក្នុងពាក់កណ្តាល ចាកឈាន និងអភិញ្ញាជាន់ទាបផង ចាកការត្រាស់ ដឹងនូវគុណវិសេសជាន់ខ្ពស់ផង ១ ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្តដែល ត្រូវអសទ្ធម្ម ៣ នេះឯង គ្របសង្កត់ រួបរឹតចិត្តហើយ ជាអ្នកទៅកើតក្នុងអបាយ ទៅកើតក្នុងនរក ស្ថិតនៅអស់ ១ កប្ប លែងកែបាន ។ បុគ្គលនីមួយ ក្នុងលោក កុំមានសេចក្តីប្រាថ្នាដ៏លាមក ដោយដាច់ខាត គតិរបស់បុគ្គលទាំងឡាយ ដែលមាន សេចក្តីប្រាថ្នាដ៏លាមក យ៉ាងណាមិញ អ្នកទាំងឡាយត្រ ូវដឹងនូវទេវទត្តនោះ ដោយហេតុនេះ យ៉ាងនោះចុះ ។ តថាគតឮថាទេវទត្តនេះ គេដឹងថាជាបណ្ឌិត គេសរសើរ ថាជាអ្នកមានខ្លួនអប់រំហើយ ហាក់ដូចជារុងរឿង ដោយ យសបរិវារ ហើយស្ថិតនៅ ទេវទត្តនោះ ជាអ្នកសន្សំ រឿយៗ នូវសេចក្តីប្រមាទ បៀតបៀនតថាគតនោះហើយ ដល់នូវអវីចីនរក មានទ្វារ ៤ ជាទីគួរខ្លាច ។