អដ្ឋកថាទេវទត្តសូត្រ
ក្នុងទេវទត្តសូត្រទី ១០ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ ក្នុង ព្រះសូត្រ មានពាក្យថា តីហិ ភិក្ខវេ អសទ្ធម្មេហិ អភិភូតោ មានរឿង កើតឡើងដូចម្តេច មានរឿងពិស្តារថា កាលទេវទត្តធ្លាក់អវីចីមហានរកហើយ ភិក្ខុដែលជាគ្នីគ្នារបស់ទេវទត្ត និងពួកតិរ្ថិយទាំងឡាយ បាននាំគ្នាពោលទោស ថា ទេវទត្ត ត្រូវព្រះសមណគោតមផ្តាសា ទើបត្រូវផែនដីស្រូប ។ មនុស្ស ទាំងឡាយ បានស្តាប់ដូច្នោះហើយ ជនណាមិនជ្រះថ្លាក្នុងព្រះសាសនា ក៏កើត នូវសេចក្តីសង្ស័យឡើងថា សេចក្តីនេះ ដូចមនុស្សទាំងឡាយនិយាយពិតឬ ហ្ន៎ ។ ភិក្ខុទាំងឡាយបានក្រាបទូលព្រឹត្តិការណ៍នោះ ដល់ព្រះមានព្រះភាគ ។ កាលនោះ ព្រះមានព្រះភាគ ត្រាស់បដិសេធការយល់ខុសរបស់មនុស្សទាំងនោះ ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនដាក់ផ្តាសា ដល់បុគ្គលណាម្នាក់ ឡើយ ព្រោះដូច្នោះ ទេវទត្ត មិនមែនតថាគតដាក់ផ្តាសាឡើយ ទេវទត្តធ្លាក់ នរកដោយកម្មរបស់ខ្លួននោះឯង ដូច្នេះ ទើបត្រាស់ព្រះសូត្រនេះ ដោយ អត្ថុប្បត្តិហេតុនេះ ។ បណ្តាបទទាំងនោះ បទថា អសទ្ធម្មេហិ បានដល់ ធម៌របស់អសប្បុរស បទថា អតេកិច្ឆោ សេចក្តីថា ព្យាបាលមិនបាន អធិប្បាយថា កែខៃមិនបាន ព្រោះកើតក្នុងអវីចី មិនមានការកែខៃ ព្រោះទេវទត្តជាបុគ្គលមិនគួរព្រះពុទ្ធ ទាំងឡាយឲ្យត្រឡប់ចិត្ត ទេវទត្តឈ្មោះថា បបិច្ឆោ ព្រោះមានសេចក្តីប្រាថ្នា លាមកប្រព្រឹត្តទៅ ដោយបំណងប្រកាសគុណដែលខ្លួនមាន ។ ភាវៈនៃបុគ្គល ប្រាថ្នាលាមកនោះ ឈ្មោះថា បបិច្ឆតា ។ ត្រូវសេចក្តីប្រាថ្នាលាមកនោះគ្រប សង្កត់ហើយ ទេវទត្តនោះកើតសេចក្តីប្រាថ្នាឡើងថា អញនឹងធ្វើព្រះពុទ្ធ អញ នឹងគ្រប់គ្រងសង្ឃ ។ ទេវទត្តឈ្មោះថា បបមិត្តោ ព្រោះមានមិត្តដ៏ថោកទាប គឺលាមក មានកោកាលិកជាដើម