ជីវិតសូត្រ

ក្បាលទី 36 · ទំព័រ 741

ម្នាលភិក្ខុទាំងឡាយ ការចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅដើម្បី បិណ្ឌបាតនេះ លាមកជាងការចិញ្ចឹមជីវិតទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងលោក រមែងមានពាក្យផ្តាសា ដូច្នេះថា អ្នកជាបុគ្គលប្រព្រឹត្តត្រាច់ទៅ ដើម្បីបិណ្ឌបាត មានតែបាត្រក្នុងដៃ ។ ម្នាលភិក្ខុទាំងឡាយ បុន្តែពួកកុលបុត្រ ដែលចូលចិត្តចិញ្ចឹមជីវិតដោយកិរិយាត្រាច់ទៅ ដើម្បីបិណ្ឌបាតនោះ សុទ្ធតែ ជាអ្នកប្រព្រឹត្តទៅ ក្នុងអំណាចនៃប្រយោជន៍ ព្រោះអាស្រ័យប្រយោជន៍ មិន មែនព្រោះព្រះរាជាបៀតបៀន មិនមែនព្រោះចោរបៀតបៀន មិនមែនព្រោះ ជំពាក់បំណុល មិនមែនព្រោះភ័យគ្របសង្កត់ មិនមែនព្រោះដុនដាប ដោយ ការចិញ្ចឹមជីវិតទេ ពិតជាព្រោះការត្រិះរិះថា ពួកយើងត្រូវជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្ត គ្របសង្កត់ហើយ ជាអ្នកត្រូវទុក្ខរឹបជាន់ ត្រូវទុក្ខគ្របសង្កត់ហើយ ធ្វើដូចម្តេច ហ្ន៎ ការធ្វើនូវទីបំផុតនៃគំនរទុក្ខទាំងអស់នេះ ឲ្យប្រាកដបាន ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះបានបួសយ៉ាងនេះហើយ ក៏ជាអ្នកច្រើនដោយអភិជ្ឈា មាន តម្រេកដ៏ក្លៀវក្លាក្នុងកាម មានចិត្តព្យាបាទ មានការត្រិះរិះក្នុងចិត្តដ៏អាក្រក់ ភ្លេច ស្មារតី មិនដឹងខ្លួន មានចិត្តមិនមាំមួន មានចិត្តភ្ញាក់ផ្អើល មានឥន្ទ្រិយជាប្រក្រតី គឺមិនសង្រួម ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាអង្កត់ឧសសម្រាប់ដុតខ្មោច មានភ្លើងឆេះទាំងសងខាង ប្រឡាក់លាមកត្រង់កណ្តាល រមែងមិនផ្សព្វផ្សាយ ទៅដើម្បីជាឧសក្នុងស្រុក ក្នុងព្រៃបានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំង-