អដ្ឋកថាសង្ឃាដិកណ្ណសូត្រ

ក្បាលទី 36 · ទំព័រ 753

ក្នុងសង្ឃាដិកណ្ណសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សង្ឃាដិកណ្ណេ បានដល់ ត្រង់ជាយចីវរ ។ បទថា គហេត្វា សេចក្តីថា តោង ។ បទថា អនុពន្ធោ អស្ស សេចក្តីថា គប្បី ជាប់តាមទៅ ។ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុរូបខ្លះ ក្នុង ធម្មវិន័យនេះ ទោះបីប្រើដៃរបស់ខ្លួន តោងជាយចីវរតថាគតដែលតថាគត ដណ្តប់ហើយ ជាប់តាមតថាគតទៅ គឺជាអ្នកនៅជិតតថាគតយ៉ាងនេះ ។ បទថា បទេ បទំ និក្ខិបន្តោ សេចក្តីថា ដាក់ជើងរបស់ខ្លួនត្រង់ស្នាម ជើងរបស់តថាគតដែលកំពុងដើរទៅ គឺក្នុងទីដែលតថាគតដាក់ជើង បន្ទាប់ ពីការលើកជើងឡើងហើយ ។ ដោយពាក្យទាំង ២ នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងថា បើភិក្ខុនោះមិនទៅឆ្ងាយអំពីទីឈរ ទីដើររបស់តថាគត នៅក្បែរ តថាគតសព្វកាលសោត ។ បទថា សោ អារកាវ មយ្ហំ អហញ្ច សេចក្តីថា ភិក្ខុនោះ កាលមិនបំពេញបដិបទា ដែលតថាគតពោលហើយឲ្យ បរិបូណ៌ ក៏ឈ្មោះថា ជាអ្នកនៅឆ្ងាយតថាគតនោះឯង តថាគតក៏ឈ្មោះថា នៅឆ្ងាយពីបុគ្គលនោះដូចគ្នា ។ ដោយពាក្យនេះ ព្រះអង្គទ្រង់សម្តែងថា ការឃើញ តថាគតដោយមំសចក្ខុនោះក្តី ការនៅរូមគ្នាដោយកាយក្តី មិនមែនហេតុតែ ការឃើញដោយញាណចក្ខុបុណ្ណោះ និងការរួមគ្នាដោយធម្មកាយឯណេះទេ ដែលជាប្រមាណក្នុងរឿងនេះ ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ មិនឃើញធម៌ កាលបើ មិនឃើញធម៌ហើយ ឈ្មោះថា មិនឃើញតថាគត ដូច្នេះ ។ ក្នុងបទថា ធម្មំ ន បស្សតិ នោះ មានអធិប្បាយថា លោកុត្តរធម៌ ៩ យ៉ាង ឈ្មោះថា ធម៌ ភិក្ខុនោះ មិនអាចឃើញលោកុត្តរធម៌នោះបាន ដោយចិត្តដែលត្រូវអភិជ្ឈា ជាដើមប្រទូស្ត ព្រោះមិនឃើញធម៌នោះ ទើបភិក្ខុនោះ ឈ្មោះថា មិនឃើញ ធម្មកាយ ដែលព្រះមានព្រះ