ព្រាហ្មណធម្មយាគសូត្រ

ក្បាលទី 36 · ទំព័រ 818

ខ្ញុំបានស្តាប់មកថា ពាក្យនុ៎ះ ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតជាព្រាហ្មណ៍ គួរ គេសូមបាន មានដៃលាងស្អាតគ្រប់កាល ទ្រទ្រង់នូវអត្តភាពជាទីបំផុត ជា ពេទ្យវះកាត់យ៉ាងប្រសើរ អ្នកទាំងឡាយ ជាបុត្ត ជាឱរស កើតអំពីមាត់តថាគត កើតអំពីធម៌ មានធម៌តាក់តែងហើយ មានធម៌ជាមត៌ក មិនមានអាមិសៈជា មត៌កឡើយ ។ ម្នាលភិក្ខុទាំងឡាយ ទាននេះ មាន ២ គឺអាមិសទាន ១ ធម្មទាន ១ ម្នាលភិក្ខុទាំងឡាយ បណ្តាទានទាំង ២ នេះ ធម្មទានប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការចែកនេះមាន ២ គឺការចែកអាមិសៈ ១ ការចែកធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការចែកទាំង ២ នេះ ការចែកធម៌ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការអនុគ្រោះនេះ មាន ២ គឺការអនុគ្រោះដោយអាមិសៈ ១ ការអនុគ្រោះដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការអនុគ្រោះទាំង ២ នេះ ការអនុគ្រោះដោយធម៌ប្រសើរជាង ។ ម្នាលភិក្ខុទាំងឡាយ ការបូជានេះ មាន ២ គឺការបូជាដោយអាមិសៈ ១ ការបូជាដោយធម៌ ១ ម្នាលភិក្ខុទាំងឡាយ បណ្តាការបូជាទាំង ២ នេះ ការបូជាដោយធម៌ប្រសើរជាង ។ លុះ ព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុង សូត្រនោះថា ព្រះតថាគតអង្គណា មិនមានព្រះហប្ញទ័យកំណាញ់ មានការអនុគ្រោះដល់សព្វសត្វ បានប្រោសប្រទានធម៌ សត្វទាំងឡាយ តែងនមស្ការព្រះតថាគតនោះ ប្រាកដ ដូច្នោះ ព្រះអង្គប្រសើរជាងទេវតា និងមនុស្ស ទ្រង់ ដល់នូវត្រើយនៃភព ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។