ពហុការសូត្រ

ក្បាលទី 36 · ទំព័រ 875

ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតីណា បាន ទំនុកបម្រុងអ្នកទាំងឡាយ ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រាហ្មណ៍ និងគហបតីទាំងនោះ ឈ្មោះថា មានឧបការៈ ច្រើន ដល់អ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ឯអ្នកទាំងឡាយ ក៏ឈ្មោះ ថា មានឧបការៈច្រើន ដល់ពួកព្រាហ្មណ៍ និងគហបតីដែរ ព្រោះអ្នកទាំងឡាយ សម្តែងធម៌ មានលម្អបទដើម លំអបទកណ្តាល លម្អបទចុង ប្រកាស នូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ ព្រហ្មចរិយធម៌នេះ ដែលបុគ្គលប្រព្រឹត្ត ដើម្បីប្រយោជន៍ រើចេញចាកឱឃៈ នឹងធ្វើឲ្យផុតទុក្ខដោយប្រពៃបាន ក៏ព្រោះតែអាស្រ័យគ្នា ទៅវិញទៅមក យ៉ាងនេះឯង ។ ពួកគ្រហស្ថ និងបព្វជិត ទាំងពីរពួក អាស្រ័យគ្នាទៅវិញ ទៅមក ទើបញ៉ាំងព្រះសទ្ធម្ម ដែលជាទីក្សេមចាក យោគៈដ៏ប្រសើរ ឲ្យសម្រេចបាន ឯពួកបព្វជិត តែង ទទួលចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ និងភេសជ្ជប្បច្ច័យ ជាគ្រឿងបន្ទោបង់សេចក្តីអន្តរាយ អំពីពួកគ្រហស្ថ ។ ឯពួកគ្រហស្ថអ្នកស្វែងរកប្រយោជន៍ ក្នុងផ្ទះ បានអាស្រ័យសង្ឃជាសាវ័កនៃព្រះសុគតហើយ ជឿ ( សេចក្តីប្រតិបត្តិ និងពាក្យ ) របស់ព្រះអរហន្ត ទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ជាអ្នកពិនិត្យ បាន ប្រព្រឹត្តធម៌ ក្នុងសាសនានេះ ដែលជាផ្លូវប្រព្រឹត្តទៅកាន់ សុគតិ រមែងជាអ្នកមានអំណរ រីករាយក្នុងទេវលោក បានសម្រេចតាមសេចក្តីប្រាថ្នា ។ សូត្រទី ៨ ។ ៥