អដ្ឋកថាឧរគសូត្រ
បរមត្ថជោតិកា ខ្ញុំព្រះករុណា ( ពុទ្ធឃោសាចារ្យ ) សូមថ្វាយអភិវាទដល់ព្រះរតនត្រ័យ ដែលឧត្តមជាងវត្ថុដែលគួរថ្វាយបង្គំទាំងឡាយ ហើយនឹងអធិប្បាយ អត្ថនៃសុត្តនិបាត ដែលព្រះលោកនាថ ទ្រង់ស្វែងរកផ្លូវនៃការរួចផុតចាក លោក ទ្រង់មានប្រក្រតីលះបង់នូវសេចក្តីវិនាសបន្តិចបន្តួច ទ្រង់បានសម្តែង ហើយ ក្នុងគម្ពីរខុទ្ទកនិកាយ ។ សុត្តនិបាតនេះ បានឈមចុះក្នុងគម្ពីរខុទ្ទកនិកាយនោះឯង ព្រោះដូច្នោះ ខ្ញុំនឹងអធិប្បាយសេចក្តីនៃសុត្តនិបាតនេះ ។ បើមានពាក្យសួរថា ព្រោះហេតុអ្វីគម្ពីរនេះ ចម្រុះទៅដោយគាថារាប់រយ ប្រកបដោយគេយ្យៈ និងវេយ្យាករណៈ ទើបបានឈ្មោះថាសុត្តនិបាតទៅវិញ ។ ឆ្លើយថា ដែលហៅថា សូត្រ ព្រោះព្រះពុទ្ធត្រាស់ល្អហើយ ព្រោះហូរ ចេញនូវប្រយោជន៍ទាំងឡាយ ព្រោះជាគ្រឿងជ្រកកោន ព្រោះលម្ហិតសេចក្តី និងព្រោះសម្តែងចេញនូវអត្ថទាំងឡាយដោយល្អ និបាតនេះ ដែលព្រះធម្មសង្គាហកាចារ្យទាំងឡាយ ប្រមូលចងក្រងព្រះសូត្រទាំងឡាយបែបនោះហើយ សង្ខេបសេចក្តីដោយប្រការយ៉ាងនោះ ដូច្នោះ ទើបបានឈ្មោះថា សុត្តនិបាត ។ ម្យ៉ាងទៀត ព្រះសូត្រទាំងអស់ដោយកំណត់ហើយ ក៏ជាព្រះតម្រាស់ របស់ព្រះពុទ្ធដែលជាតាទិបុគ្គល ហើយគម្ពីរនេះ ក៏ជាការចងក្រងព្រះសូត្រ ទាំងនោះ ព្រោះដូច្នោះ ទើបឈ្មោះថា សុត្តនិបាត ព្រោះមិនមានលក្ខណៈ ពិសេស ដែលជាគ្រឿងចំណាំឲ្យហៅឈ្មោះដទៃទៅបានឡើយ ។ ក្នុងសុត្តនិបាតនេះ បានទទួលការដាក់ឈ្មោះយ៉ាងនេះ បើពោលដោយ វគ្គ ក៏មាន ៥ វគ្គ គឺឧរគវគ្គ ១ ចូឡវគ្គ ១ មហាវគ្គ ១ អដ្ឋកវគ្គ ១ បារាយនវគ្គ ១ ។